គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 11:33-40 Khmer Standard Version (KHSV)

33. ពួក​អ្នក​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជា‌ជន នឹង​នាំ​គ្នា​អប់រំ​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ ក្នុង​ពេល​មួយ​រយៈ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​គេ​សម្លាប់ ត្រូវ​គេ​ដុត ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​មួយ​រយៈ។

34. ក្នុង​ពេល​ដែល​គេ​ធ្វើ​បាប​អ្នក​ទាំង​នោះ នឹង​មាន​អ្នក​ខ្លះ​មក​ជួយ​បន្តិច​ដែរ។ មនុស្ស​ជា​ច្រើន​នឹង​មក​ចូល​រួម​ជា​មួយ​អ្នក​ទាំង​នោះ តែ​ដោយ​ប្រើ​កល‌ល្បិច។

35. ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់​បង់​ជីវិត ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​សស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ​នឹង​កើត​មាន​តាម​ពេល​កំណត់។

36. ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចម្រើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​ព្រះ‌ពិរោធ​កើន​ដល់​កម្រិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច។

37. ស្ដេច​នោះ​មិន​យោគ‌យល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគ‌យល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគ‌យល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ទ្រង់​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។

38. ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។

39. ស្ដេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​ឲ្យ​ពួក​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​រង្វាន់​ផង។

40. នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សម្រុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 11