គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 11:16-31 Khmer Standard Version (KHSV)

16. ស្ដេច​ខាង​ជើង​ក៏​វាយ​លុក​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ចិត្ត គ្មាន​នរណា​តទល់​បាន​ទាល់​តែ​សោះ រួច​ស្ដេច​ក៏​ឈប់​ត្រឹម​ស្រុក​ដ៏​ស្អាត ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ជួប​ប្រទះ។

17. ស្ដេច​ខាង​ជើង​មាន​បំណង​ទៅ​ជួប​ស្ដេច​ខាង​ត្បូង ដើម្បី​បង្ហាញ​ឫទ្ធិ​អំណាច​នៃ​អាណា‌ចក្រ​ទាំង​មូល​របស់​ខ្លួន និង​ចង់​ចង​ស្ពាន‌មេត្រី​ជា​មួយ​ស្ដេច​ខាង​ត្បូង។ ទ្រង់​លើក​បុត្រី​ឲ្យ​ធ្វើ​ជា​មហេសី​ស្ដេច​ខាង​ត្បូង ក្នុង​គោល​បំណង​បោក​បញ្ឆោត​ស្ដេច​នោះ តែ​ពុំ​បាន​សម្រេច​ដូច​បំណង​ឡើយ។

18. ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេ‌ទ័ព​ម្នាក់​មក​បញ្ឈប់​សកម្ម‌ភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។

19. បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។

20. ស្ដេច​មួយ​អង្គ​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​ឲ្យ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​អាណា‌ចក្រ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស តែ​មិន​មែន​ដោយ​ការ​បះ‌បោរ ឬ​ដោយ​សង្គ្រាម​ទេ។

21. ពេល​នោះ មាន​មនុស្ស​ម្នាក់​គួរ​ឲ្យ​មាក់‌ងាយ ឡើង​សោយ​រាជ្យ ដោយ​ឥត​នរណា​អភិសេក​ជា​ស្ដេច។ ស្ដេច​ថ្មី​នេះ​ដណ្ដើម​យក​រាជ​សម្បត្តិ​បាន ក្នុង​គ្រា​មាន​សុខ‌សាន្ត‌ត្រាណ ដោយ​ប្រើ​កល‌ល្បិច។

22. កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​ដែល​មក​លុក‌លុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្ដេច​នោះ ហើយ​សូម្បី​តែ​មហា‌បូជា‌ចារ្យ​របស់​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ក៏​បរា‌ជ័យ​ដែរ។

23. ស្ដេច​នោះ​នឹង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​អ្នក​ឯ​ទៀតៗ ដើម្បី​បោក​ប្រាស់​ពួក​គេ ហើយ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ទោះ​បី​មាន​បក្ស‌ពួក​តិច​ក៏​ដោយ។

24. ក្នុង​ឱកាស​ដែល​គេ​កំពុង​តែ​មាន​សន្តិ‌ភាព ស្ដេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណា‌ខេត្ត ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ទ្រង់​រឹប​អូស​របស់​របរ និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ចែក​ឲ្យ​បក្ស‌ពួក​ខ្លួន។ ស្ដេច​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ​រយៈ​ប៉ុណ្ណោះ។

25. ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លា‌ហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យ‌ជំនះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង

26. គឺ​ពួក​ជំនិត​របស់​ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​ឲ្យ​ទ័ព​របស់​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។

27. បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។

28. ស្ដេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ តាម​គម្រោង‌ការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

29. លុះ​ដល់​ពេល​កំណត់ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​អាណា‌ចក្រ​ខាង​ត្បូង​សា​ជា​ថ្មី ប៉ុន្តែ លើក​នេះ​ពុំ​ដូច​គ្រា​មុន​ទេ

30. គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ។

31. ពេល​នោះ កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទី‌សក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 11