គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 11:1-6 Khmer Standard Version (KHSV)

1. រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យុស ជា​ជន‌ជាតិ​មេឌី ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ទេវតា​មីកែល ដើម្បី​ជួយ​គាំទ្រ​លោក។

2. ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ជូន​លោក ដូច​ត​ទៅ:ស្ដេច​បី​អង្គ​នឹង​ឡើង​គ្រង​រាជ្យ​លើ​ចក្រ‌ភព​ពែរ្ស បន្ទាប់​មក មាន​ស្ដេច​ទី​បួន​ដែល​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀតៗ។ ពេល​ស្ដេច​នោះ​មាន​អំណាច​រឹង‌ប៉ឹង ដោយ‌សារ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ស្ដេច​ក៏​ប្រើ​គ្រប់​មធ្យោ‌បាយ​ធ្វើ​សឹក​នឹង​អាណា‌ចក្រ​ក្រិក។

3. ប៉ុន្តែ នឹង​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដ៏​ពូកែ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​ឫទ្ធិ​អំណាច​ជា​ខ្លាំង ហើយ​ស្ដេច​នេះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត។

4. ពេល​ស្ដេច​បាន​ថ្កុំ‌ថ្កើង​ឡើង ចក្រ‌ភព​របស់​ស្ដេច​ត្រូវ​បាក់​បែក​ជា​បួន​ចំណែក។ ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​នឹង​មិន​ស្នង​រាជ​សម្បត្តិ​ឡើយ ដ្បិត​រាជ​សម្បត្តិ​នោះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង តែ​អ្នក​ទាំង​នោះ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។

5. ស្ដេច​របស់​អាណា‌ចក្រ​ខាង​ត្បូង​នឹង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង តែ​មេ‌ទ័ព​មួយ​រូប​របស់​ស្ដេច​នឹង​មាន​អំណាច​ខ្លាំង​ជាង ក៏​ឡើង​គ្រប់‌គ្រង​ស្រុក​ដែរ ហើយ​អាណា‌ចក្រ​របស់​លោក​មាន​អំណាច​ខ្លាំង​ជាង​អាណា‌ចក្រ​របស់​ស្ដេច​នោះ។

6. ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 11