គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 10:1-10 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ ព្រះ‌បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានី‌យ៉ែល​រិះគិត​ពិចារណា​អំពី​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។

2. នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ។

3. ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។

4. នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​នៃ​ខែ​ទី​មួយ ពេល​ខ្ញុំ​ស្ថិត​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេ‌កែល

5. ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពី​ស្រុក​អ៊ូផាស​នៅ​ចង្កេះ​ផង។

6. រូប​កាយ​របស់​លោក​ភ្លឺ​ចាំង​ដូច​ត្បូង​ប៊ុត‌លឿង ផ្ទៃ​មុខ​លោក​ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ ភ្នែក​លោក​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​លោក​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​លោក​ឮ​សូរ​អឹង‌កង ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។

7. ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។

8. ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។

9. ខ្ញុំ​បាន​ឮ​លោក​និយាយ ហើយ​សំឡេង​របស់​លោក​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

10. ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 10