គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 1:14-21 Khmer Standard Version (KHSV)

14. លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បង‌ល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។

15. លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះ‌ស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។

16. ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​ឲ្យ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។

17. ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។

18. លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូ‌ក្នេសា។

19. ព្រះ‌មហា‌ក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា​ឡើយ។ ព្រះ‌មហា‌ក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​ព្រះ‌រាជ​បម្រើ។

20. ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។

21. លោក​ដានី‌យ៉ែល​រស់​នៅ​ក្នុង​រាជ‌វាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 1