ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 1 Khmer Standard Version (KHSV)

ព្រះ‌ជាម្ចាស់​ការ‌ពារ​យុវជន​ដានី‌យ៉ែល និង​មិត្ត‌ភក្ដិ

1. នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។

2. ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់‌ប្រដា​មួយ​ចំនួន​របស់​ព្រះ‌វិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ី‌ណើរ ហើយ​យក​ប្រដាប់‌ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។

3. ព្រះ‌មហា‌ក្សត្រ​បាន​បញ្ជា​ទៅ​លោក​អាស‌ផ្នាស ជា​នាយក​ក្រុម​មហា‌តលិក ឲ្យ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​អ៊ីស្រា‌អែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។

4. យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់ មាន​កម្លាំង​អាច​បម្រើ​ព្រះ‌មហា‌ក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។

5. ព្រះ‌មហា‌ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។

6. ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន‌ជាតិ​យូដា គឺ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា។

7. លោក​នាយក​ក្រុម​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានី‌យ៉ែល​ហៅ​ថា​បេល‌ថិស្សា‌សារ ហាណា‌នា​ហៅ​ថា​សាដ្រាក់ មីសា‌អែល​ហៅ​ថា​មែសាក់ និង​អសា‌រា​ហៅ​ថា​អបេឌ-‌នេកោ។

8. យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។

9. ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​នាយក​ក្រុម​មហា‌តលិក មាន​ចិត្ត​អាណិត‌អាសូរ​ដល់​យុវជន​ដានី‌យ៉ែល។

10. លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​យុវជន​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តម្រូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ‌ខាន»។

11. យុវជន​ដានី‌យ៉ែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នា មីសា‌អែល និង​អសា‌រា​ថា៖

12. «សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។

13. បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ដែល​បរិភោគ​ព្រះ‌ស្ងោយ​របស់​ព្រះ‌រាជា រួច​សូម​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។

14. លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បង‌ល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។

15. លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះ‌ស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។

16. ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​ឲ្យ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។

17. ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។

18. លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូ‌ក្នេសា។

19. ព្រះ‌មហា‌ក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា​ឡើយ។ ព្រះ‌មហា‌ក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​ព្រះ‌រាជ​បម្រើ។

20. ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។

21. លោក​ដានី‌យ៉ែល​រស់​នៅ​ក្នុង​រាជ‌វាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។