គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 9:5-19 Khmer Standard Version (KHSV)

5. ពួក​គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ នា​ថ្ងៃ​ទី​ដប់‌បួន​កើត​ក្នុង​ខែ​ទី​មួយ ក្រោយ​ពេល​ថ្ងៃ​លិច។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

6. ពេល​នោះ មាន​អ្នក​ខ្លះ​ត្រូវ​សៅ‌ហ្មង ព្រោះ​បាន​ប៉ះ‌ពាល់​សាក‌សព ហើយ​មិន​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ឡើយ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន

7. ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​បាន​ប៉ះ‌ពាល់​សាក‌សព។ តើ​យើង​ខ្ញុំ​មាន​សិទ្ធិ​ចូល​រួម​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឬ​ទេ?»។

8. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​រង់‌ចាំ​ខ្ញុំ​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់​ស្ដី​អំពី​ករណី​របស់​អ្នក​រាល់​គ្នា​សិន»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

10. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​អ្នក​នៅ​ជំនាន់​ក្រោយ ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គេ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​បាន។

11. ប៉ុន្តែ គេ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ពិសាខ ថ្ងៃ​ទី​ដប់‌បួន​កើត ក្រោយ​ពេល​ថ្ងៃ​លិច។ គេ​ត្រូវ​បរិភោគ​សាច់​ចៀម​នៃ​បុណ្យ​ចម្លង​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។

12. គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ព្រឹក ហើយ​ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ គេ​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង។

13. ប្រសិន​បើ​នរណា​ម្នាក់​មិន​សៅ‌ហ្មង ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង​ទេ អ្នក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ដ្បិត​គេ​មិន​បាន​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់។ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។

14. ប្រសិន​បើ​មាន​ជន​បរ‌ទេស​ណា​ម្នាក់​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ នោះ​គេ​ត្រូវ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង​នេះ ដ្បិត​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា ទោះ​បី​ជន​បរ‌ទេស​ក្ដី ម្ចាស់​ស្រុក​ក្ដី»។

15. នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។

16. ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង។

17. ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បោះ​ជំរំ។

18. ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះ‌អង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​អស់​រយៈ​ពេល​ប៉ុន‌ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។

19. ពេល​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​យ៉ាង​យូរ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។

សូមអានជំពូកពេញលេញ ជន‌គណនា 9