គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 8:16-26 Khmer Standard Version (KHSV)

16. យើង​ញែក​ពួក​គេ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

17. ដ្បិត​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​គេ ត្រូវ​បាន​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង។

18. ហេតុ​នេះ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ។

19. យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រគល់​ទៅ​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ‌ងារ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រា‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទី‌សក្ការៈ​ឡើយ»។

20. លោក​ម៉ូសេ លោក​អើរ៉ុន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​អនុវត្ត​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។

21. ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ និង​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន។ លោក​អើរ៉ុន​បាន​ធ្វើ​ពិធី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ពិធី​លោះ​បាប​ពួក​គេ និង​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ។

22. បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក។ គេ​បាន​អនុវត្ត​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24. «ពួក​លេវី​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​ទៅ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។

25. ចាប់​ពី​អាយុ​ហា‌សិប​ឆ្នាំ​ទៅ គេ​នឹង​ចូល​និវត្តន៍ លែង​បម្រើ​យើង​ទៀត​ហើយ។

26. គេ​នឹង​ជួយ​បង‌ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ មើល​ថែ​ទាំ​អ្វីៗ​ដែល​ជា​ភារ‌កិច្ច​របស់​ខ្លួន ប៉ុន្តែ គេ​លែង​មាន​បន្ទុក​បម្រើ​យើង​ទៀត​ហើយ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ពួក​លេវី តាម​ភារ‌កិច្ច​របស់​ពួក​គេ»។

សូមអានជំពូកពេញលេញ ជន‌គណនា 8