គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 8:10-20 Khmer Standard Version (KHSV)

10. ចូរ​នាំ​ពួក​លេវី​ចូល​មក​ជិត​យើង ហើយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​ពួក​គេ។

11. អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​យើង ដើម្បី​ឲ្យ​បម្រើ​យើង។

12. ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក​ត្រូវ​ថ្វាយ​គោ​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល ដើម្បី​ជម្រះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។

13. បន្ទាប់​មក ចូរ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង។

14. ចូរ​ញែក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។

15. បន្ទាប់​មក​ទៀត ពួក​លេវី​ត្រូវ​មក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ និង​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង​បែប​នេះ​ឯង។

16. យើង​ញែក​ពួក​គេ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

17. ដ្បិត​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​គេ ត្រូវ​បាន​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង។

18. ហេតុ​នេះ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ។

19. យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រគល់​ទៅ​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ‌ងារ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រា‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទី‌សក្ការៈ​ឡើយ»។

20. លោក​ម៉ូសេ លោក​អើរ៉ុន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​អនុវត្ត​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។

សូមអានជំពូកពេញលេញ ជន‌គណនា 8