គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 7:5-16 Khmer Standard Version (KHSV)

5. «ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើ‌ប្រាស់ សម្រាប់​កិច្ចការ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ឲ្យ​ពួក​លេវី តាម​មុខ‌ងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។

6. លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ ឲ្យ​ពួក​លេវី។

7. លោក​ឲ្យ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គើសូន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ​របស់​គេ។

8. លោក​ឲ្យ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។

9. លោក​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារ‌កិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។

10. នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។

12. អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

13. តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

14. បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

15. គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

16. ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

សូមអានជំពូកពេញលេញ ជន‌គណនា 7