គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 7:1-12 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​លោក​ម៉ូសេ​ដំឡើង​ព្រះ‌ពន្លា​រួច​រាល់​ហើយ លោក​បាន​ចាក់​ប្រេង​លើ​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ដើម្បី​ញែក​ជា​សក្ការៈ ហើយ​លោក​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែក​ជា​សក្ការៈ​ដែរ។

2. ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ថ្វាយ​តង្វាយ។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ ដែល​បាន​ចូល​រួម​ជំរឿន​ប្រជា‌ជន។

3. ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះ‌ពន្លា។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

5. «ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើ‌ប្រាស់ សម្រាប់​កិច្ចការ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ឲ្យ​ពួក​លេវី តាម​មុខ‌ងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។

6. លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ ឲ្យ​ពួក​លេវី។

7. លោក​ឲ្យ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គើសូន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ​របស់​គេ។

8. លោក​ឲ្យ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។

9. លោក​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារ‌កិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។

10. នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។

12. អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

សូមអានជំពូកពេញលេញ ជន‌គណនា 7