គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 4:19-34 Khmer Standard Version (KHSV)

19. ពេល​ណា​អំបូរ​កេហាត់​ចូល​មក​ជិត​ទី‌សក្ការៈ​បំផុត អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ និង​ភារ‌កិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។

20. ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់​បង់​ជីវិត»។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

22. «ចូរ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​គើសូន ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។

23. ចូរ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

24. អំបូរ​គើសូន​មាន​ភារ‌កិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ:

25. ពួក​គេ​ត្រូវ​សែង​ក្រណាត់​ព្រះ‌ពន្លា និង​ក្រណាត់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រណាត់​សម្រាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សម្រាប់​រុំ ព្រម​ទាំង​វាំងនន​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់

26. ក្រណាត់​ដំបូល​ទី‌លាន វាំងនន​ទ្វារ​ចូល​ទី‌លាន ក្រណាត់​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​ធ្វើ។

27. អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។

28. នេះ​ហើយ​ជា​មុខ‌ងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន។

29. ចូរ​ជំរឿន​កូន​ចៅ​ម៉្រារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។

30. ត្រូវ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

31. ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​នោះ គឺ​មើល​ថែ​ទាំ​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើង​សសរ

32. សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។

33. នេះ​ហើយ​ជា​មុខ‌ងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខ‌ងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន»។

34. លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​របស់​សហគមន៍ បាន​ជំរឿន​កូន​ចៅ​កេហាត់ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

សូមអានជំពូកពេញលេញ ជន‌គណនា 4