គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 4:14-27 Khmer Standard Version (KHSV)

14. បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សម្រាប់​សែង។

15. នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

16. អេឡាសារ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​អចិន្ត្រៃយ៍ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ គាត់​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះ‌ពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ព្រម​ទាំង​ទី‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទី‌សក្ការៈ»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

18. «មិន​ត្រូវ​ដក​អំបូរ​កេហាត់​ចេញ​ពី​កុល‌សម្ព័ន្ធ​លេវី​ឡើយ។

19. ពេល​ណា​អំបូរ​កេហាត់​ចូល​មក​ជិត​ទី‌សក្ការៈ​បំផុត អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ និង​ភារ‌កិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។

20. ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់​បង់​ជីវិត»។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

22. «ចូរ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​គើសូន ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។

23. ចូរ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

24. អំបូរ​គើសូន​មាន​ភារ‌កិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ:

25. ពួក​គេ​ត្រូវ​សែង​ក្រណាត់​ព្រះ‌ពន្លា និង​ក្រណាត់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រណាត់​សម្រាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សម្រាប់​រុំ ព្រម​ទាំង​វាំងនន​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់

26. ក្រណាត់​ដំបូល​ទី‌លាន វាំងនន​ទ្វារ​ចូល​ទី‌លាន ក្រណាត់​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​ធ្វើ។

27. អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។

សូមអានជំពូកពេញលេញ ជន‌គណនា 4