គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 35:17-32 Khmer Standard Version (KHSV)

17. ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

18. ប្រសិន​បើ​គេ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

19. អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន ត្រូវ​តែ​សម្លាប់​ចោល។

20. ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ​ដោយ​កំហឹង ឬ​យក​របស់​អ្វី​មួយ​គប់​ទៅ​លើ​គេ ដោយ​បាន​គិត​ជា​មុន បណ្ដាល​ឲ្យ​គេ​ស្លាប់

21. ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្ដាល​ឲ្យ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។

22. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ ដោយ​អចេតនា និង​ដោយ​គ្មាន​បំណង​អាក្រក់ ឬ​ប្រសិន​បើ​គាត់​ចោល​របស់​អ្វី​មួយ​ទៅ​លើ​គេ ដោយ​ពុំ​បាន​គិត‌គូរ​ជា​មុន

23. ឬ​ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​ថ្ម​ធ្លាក់​ទៅ​លើ​គេ បណ្ដាល​ឲ្យ​ស្លាប់ តែ​គាត់​ធ្វើ​ដោយ​មិន​បាន​ដឹង ហើយ​ក៏​គ្មាន​ទំនាស់ ឬ​មាន​គំនិត​អាក្រក់​ចំពោះ​ជន​រង​គ្រោះ​ទេ​នោះ

24. សហគមន៍​ត្រូវ​សម្រុះ‌សម្រួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។

25. សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជា‌ចារ្យ ដែល​បាន​តែង‌តាំង​ដោយ​ប្រេង​សក្ការៈ ទទួល​មរណ‌ភាព។

26. ប្រសិន​បើ​អ្នក​សម្លាប់​គេ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ដែល​ខ្លួន​រត់​ទៅ​ជ្រក

27. ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទីក្រុង​ជម្រក រួច​សម្លាប់​គាត់ អ្នក​សង‌សឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាត‌កម្ម​នេះ​ទេ។

28. អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព។ ក្រោយ​ពេល​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញ។

29. អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​វិន័យ​នេះ ទុក​ជា​ច្បាប់​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

30. គ្រប់​ឃាត‌កម្ម គេ​សម្លាប់​ឃាតក​បាន នៅ​ពេល​មាន​សាក្សី​ជា​ច្រើន​ដឹង​ឮ។ ប៉ុន្តែ បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​កាត់​ទោស​ប្រហារ​ជីវិត​នរណា​បាន​ឡើយ។

31. មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។

32. មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណ‌ភាព​របស់​មហា​បូជា‌ចារ្យ។

សូមអានជំពូកពេញលេញ ជន‌គណនា 35