គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 34:1-15 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ត​ទៅ: ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ទឹក​ដី​ដែល​ត្រូវ​បាន​ជា​ចំណែក​មត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន មាន​ព្រំ‌ដែន​ដូច​ត​ទៅ:

3. ប៉ែក​ខាង​ត្បូង​គិត​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំ‌ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។

4. បន្ទាប់​មក ព្រំ‌ដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អេក្រា‌ប៊ីម ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដេស-‌បារនា។ បន្ទាប់​មក ព្រំ‌ដែន​នេះ​កាត់​តាម​ហាសារ-‌អាដា និង​អាស‌ម៉ូន។

5. ពី​អាស‌ម៉ូន ព្រំ‌ដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។

6. សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។

7. ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ រហូត​ដល់​ភ្នំ​ហោរ។

8. ពី​ភ្នំ​ហោរ ត្រូវ​កំណត់​ព្រំ‌ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។

9. ព្រំ‌ដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន បង្ហួស​ទៅ​ដល់​ហាសារ-‌អេណាន។ នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។

10. ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត​របស់​អ្នក​រាល់​គ្នា ចាប់​ពី​ហាសារ-‌អេណាន​ទៅ​សេផាម។

11. ព្រំ‌ដែន​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីម‌ឡា ដែល​នៅ​ខាង​កើត​អា‌យ៉ីន ចុះ​ទៅ​ដល់​ត្រើយ​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត។

12. បន្ទាប់​មក ព្រំ‌ប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំ‌ដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។

13. លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត

14. ដ្បិត​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។

15. កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ»។

សូមអានជំពូកពេញលេញ ជន‌គណនា 34