គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 32:6-19 Khmer Standard Version (KHSV)

6. លោក​ម៉ូសេ​ឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «ក្នុង​ពេល​ដែល​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​សំងំ​នៅ​ទី​នេះ​ឬ?

7. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេ?

8. ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដេស-‌បារនា​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។

9. ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេស‌កុល ហើយ​បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ស្រុក​រួច ពួក​គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេ។

10. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង​ម៉ាត់​ថា:

11. “អស់​អ្នក​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ។

12. មាន​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ ជា​ជន‌ជាតិ​គេណាស និង​យ៉ូស្វេ ជា​កូន​របស់​នូន​ប៉ុណ្ណោះ ដែល​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់”។

13. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ត្រូវ​បាត់​បង់​ជីវិត​អស់។

14. ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឬ?

15. ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ត​ទៅ​មុខ​ទៀត ហើយ​អ្នក​រាល់​គ្នា​បណ្ដាល​ឲ្យ​ប្រជា‌ជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។

16. កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។

17. បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ដើរ​នៅ​មុខ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។

18. រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សំបែង មុន​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី ទុក​ជា​ចំណែក​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​ឡើយ។

19. បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។

សូមអានជំពូកពេញលេញ ជន‌គណនា 32