គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 32:30-42 Khmer Standard Version (KHSV)

30. ក៏​ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ប្រដាប់​អាវុធ​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ចូរ​ឲ្យ​ពួក​គេ​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​កាណាន​ជា​មួយ​អ្នក​រាល់​គ្នា»។

31. កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ។

32. យើង​ខ្ញុំ​នឹង​ប្រដាប់​អាវុធ ឆ្លង​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តែ​សូម​ឲ្យ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ជា​ចំណែក​មត៌ក»។

33. លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នគរ​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ទីក្រុង ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ឲ្យ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។

34. កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន អាថា‌រ៉ូត អារ៉ូ‌អ៊ើរ

35. អាត្រូត-‌សូផាន យ៉ា‌ស៊ើរ យ៉ុក‌បិហា

36. បេត‌នីមរ៉ា និង​បេត-‌ហារ៉ន ដែល​សុទ្ធ‌សឹង​ជា​ក្រុង​មាន​កំពែង​រឹង‌មាំ និង​វាល​ស្មៅ​សម្រាប់​ឲ្យ​ហ្វូង​សត្វ​រក​ស៊ី។

37. កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែស‌បូន អេឡា‌លេ គារយ៉ា‌ថែម

38. នេបូ និង​បាល-‌មេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។

39. ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដី និង​ដេញ​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។

40. លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​ពូជ‌ពង្ស​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ ហើយ​ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។

41. ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត-‌យ៉ាអៀរ។

42. លោក​ណូបាស​បាន​វាយ​លុក​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​គាត់។

សូមអានជំពូកពេញលេញ ជន‌គណនា 32