គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 31:6-19 Khmer Standard Version (KHSV)

6. លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។

7. ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។

8. ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្ដេច​ម៉ាឌាន​ទាំង​ប្រាំ គឺ​ស្ដេច​អេវី ស្ដេច​រេគេម ស្ដេច​ស៊ើរ ស្ដេច​ហើរ និង​ស្ដេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។

9. កង‌ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​យក​ស្ត្រី​របស់​ជន‌ជាតិ​ម៉ាឌាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។

10. កង‌ទ័ព​អ៊ីស្រា‌អែល​ដុត​កម្ទេច​ទីក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ម៉ាឌាន។

11. បន្ទាប់​មក ពួក​គេ​ប្រមូល​ជយ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស ទាំង​សត្វ

12. ហើយ​នាំ​ឈ្លើយ​សឹក និង​ជយ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

13. លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍ បាន​ចេញ​មក​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។

14. លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។

15. លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ទុក​ជីវិត​ឲ្យ​ស្ត្រី​ទាំង​នេះ?

16. គឺ​ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​តាម​ពាក្យ​លោក​បាឡាម និង​ទាក់‌ទាញ​អ៊ីស្រា‌អែល​ឲ្យ​ក្បត់​ចិត្ត​ព្រះ‌អម្ចាស់ នៅ​ពេអរ បណ្ដាល​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​សហគមន៍​របស់​ព្រះ‌អម្ចាស់។

17. ឥឡូវ​នេះ ចូរ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ប្រុសៗ

18. ប៉ុន្តែ ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ក្រមុំ សម្រាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។

19. ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​នេះ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​សាក‌សព ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។

សូមអានជំពូកពេញលេញ ជន‌គណនា 31