ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 31 Khmer Standard Version (KHSV)

ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ម៉ាឌាន

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង‌សឹក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ បន្ទាប់​មក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​អ្នក»។

3. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង‌សឹក​នឹង​ពួក​គេ ក្នុង​នាម​ព្រះ‌អម្ចាស់។

4. ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

5. ត្រូវ​ជ្រើស​រើស​ទាហាន​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុង​កង‌ពល​អ៊ីស្រា‌អែល គឺ​កង‌ទ័ព​ទាំង​មូល មាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។

6. លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។

7. ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។

8. ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្ដេច​ម៉ាឌាន​ទាំង​ប្រាំ គឺ​ស្ដេច​អេវី ស្ដេច​រេគេម ស្ដេច​ស៊ើរ ស្ដេច​ហើរ និង​ស្ដេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។

9. កង‌ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​យក​ស្ត្រី​របស់​ជន‌ជាតិ​ម៉ាឌាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។

10. កង‌ទ័ព​អ៊ីស្រា‌អែល​ដុត​កម្ទេច​ទីក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ម៉ាឌាន។

11. បន្ទាប់​មក ពួក​គេ​ប្រមូល​ជយ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស ទាំង​សត្វ

12. ហើយ​នាំ​ឈ្លើយ​សឹក និង​ជយ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

13. លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍ បាន​ចេញ​មក​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។

14. លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។

15. លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ទុក​ជីវិត​ឲ្យ​ស្ត្រី​ទាំង​នេះ?

16. គឺ​ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​តាម​ពាក្យ​លោក​បាឡាម និង​ទាក់‌ទាញ​អ៊ីស្រា‌អែល​ឲ្យ​ក្បត់​ចិត្ត​ព្រះ‌អម្ចាស់ នៅ​ពេអរ បណ្ដាល​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​សហគមន៍​របស់​ព្រះ‌អម្ចាស់។

17. ឥឡូវ​នេះ ចូរ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ប្រុសៗ

18. ប៉ុន្តែ ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ក្រមុំ សម្រាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។

19. ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​នេះ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​សាក‌សព ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។

20. ត្រូវ​ធ្វើ​ពិធី​ជម្រះ​សម្លៀក‌បំពាក់​ទាំង​អស់ វត្ថុ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ស្បែក និង​ពី​រោម​ចៀម ព្រម​ទាំង​គ្រឿង​បរិក្ខារ​ធ្វើ​ពី​ឈើ»។

21. លោក​បូជា‌ចារ្យ​អេឡាសារ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ធ្វើ​សឹក​ថា៖ «ក្នុង​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ មាន​ចែង​ដូច​ត​ទៅ:

22. មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និង​សំណ

23. គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​ដុត​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។ រីឯ​វត្ថុ​ទាំង‌ឡាយ​ណា​ដែល​ពុំ​អាច​ដុត ត្រូវ​លាង​នៅ​ក្នុង​ទឹក​សម្រាប់​ធ្វើ​ពិធី​លាង​ជម្រះ​ឲ្យ​បរិសុទ្ធ។

24. ត្រូវ​លាង​ជម្រះ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ»។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

26. «ចូរ​អ្នក និង​បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ នាំ​គ្នា​រាប់​ចំនួន​ជយ‌ភ័ណ្ឌ​ដែល​រឹប​អូស​បាន​ក្នុង​សង្គ្រាម ព្រម​ទាំង​ចំនួន​មនុស្ស និង​សត្វ។

27. បន្ទាប់​មក ចូរ​បែង​ចែក​ជយ‌ភ័ណ្ឌ​នេះ​ឲ្យ​អ្នក​ដែល​បាន​ចេញ​ទៅ​ច្បាំង និង​សហគមន៍​ទាំង​មូល។

28. ចូរ​ញែក​ជយ‌ភ័ណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ថ្វាយ​ព្រះ‌អម្ចាស់ ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ប្រាំ​រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ​រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។

29. ចូរ​យក​ចំណែក​ដែល​ញែក​ចេញ​ពី​ជយ‌ភ័ណ្ឌ​របស់​ពួក​ដែល​ចេញ​ទៅ​ច្បាំង ប្រគល់​ឲ្យ​បូជា‌ចារ្យ​អេឡាសារ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

30. រីឯ​ជយ‌ភ័ណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​យក​មួយ​ភាគ​ហា‌សិប​ពី​ចំនួន​មនុស្ស មួយ​ភាគ​ហា‌សិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់»។

31. លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

32. ជយ‌ភ័ណ្ឌ​ដែល​កង‌ទ័ព​រឹប​អូស​យក​បាន មាន​នៅ​សល់​ចៀម​ចំនួន ៦៧៥ ០០០ ក្បាល

33. គោ ៧២ ០០០​ក្បាល

34. លា​ចំនួន ៦១ ០០០ ក្បាល

35. និង​ស្ត្រី​ព្រហ្មចារី ៣២ ០០០​នាក់។

36. ចំនួន​ពាក់​កណ្ដាល​នៃ​ជយ‌ភ័ណ្ឌ​នេះ​បាន​ទៅ​លើ​ពួក​ទាហាន​ដែល​ចេញ​ទៅ​ច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល

37. ក្នុង​ចំនួន​នេះ ៦៧៥​ក្បាល​ថ្វាយ​ព្រះ‌អម្ចាស់

38. គោ ៣៦ ០០០ ក្បាល ក្នុង​ចំនួន​នេះ ៧២​ក្បាល​ថ្វាយ​ព្រះ‌អម្ចាស់

39. លា ៣០ ៥០០ ក្បាល ក្នុង​ចំនួន​នេះ ៦១​ក្បាល​ថ្វាយ​ព្រះ‌អម្ចាស់

40. និង​មនុស្ស ១៦ ០០០ នាក់ ក្នុង​ចំនួន​នេះ ៣២ នាក់​ថ្វាយ​ព្រះ‌អម្ចាស់។

41. លោក​ម៉ូសេ​ប្រគល់​ជយ‌ភ័ណ្ឌ​ដែល​ញែក​ជា​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទៅ​បូជា‌ចារ្យ​អេឡាសារ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក។

42. រីឯ​ជយ‌ភ័ណ្ឌ​ចំនួន​ពាក់​កណ្ដាល​ទៀត​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រា‌អែល លោក​ម៉ូសេ​ញែក​ទុក​ដោយ​ឡែក​ពី​ជយ‌ភ័ណ្ឌ ដែល​ត្រូវ​បាន​ទៅ​ពួក​ទាហាន។

43. ជយ‌ភ័ណ្ឌ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​សហគមន៍ គឺ​ចៀម ៣៣៧ ៥០០ ក្បាល

44. គោ ៣៦ ០០០ ក្បាល

45. លា ៣០ ៥០០ ក្បាល

46. និង​មនុស្ស ១៦ ០០០ នាក់។

47. ក្នុង​ចំនួន​ពាក់​កណ្ដាល​នៃ​ជយ‌ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រា‌អែល​នេះ លោក​ម៉ូសេ​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បង្គាប់​មក​លោក។

48. ពួក​មេ‌ទ័ព មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ

49. ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​ប្របាទ​បាន​រាប់​ចំនួន​ទាហាន ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​នរណា​ម្នាក់​សោះ​ឡើយ។

50. យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ‌ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែ‌ក មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ»។

51. លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ ក៏​ទទួល​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​ទាំង​នោះ​ពី​ពួក​គេ។

52. មាស​ដែល​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ទម្ងន់​ទាំង​អស់​ប្រាំ​ពាន់​ចិត‌សិប​ប្រាំ​តម្លឹង។

53. រីឯ​ពល​ទាហាន​វិញ ម្នាក់ៗ​បាន​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​ទុក​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។

54. លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច យក​ទៅ​ដាក់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទុក​ជា​ទី​រំឭក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។