គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 3:6-20 Khmer Standard Version (KHSV)

6. «ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​ចូល​មក ហើយ​ឲ្យ​ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​បូជា‌ចារ្យ​អើរ៉ុន ដើម្បី​ជួយ​បំពេញ​ការ‌ងារ​គាត់។

7. ពួក​គេ​មាន​ភារ‌កិច្ច​បំពេញ​មុខ‌ងារ​បម្រើ​អើរ៉ុន និង​បម្រើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​បម្រើ​កិច្ចការ​នៅ​ក្នុង​ព្រះ‌ពន្លា។

8. ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា។

9. ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​អើរ៉ុន។

10. ចូរ​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទី‌សក្ការៈ​នេះ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

12. «យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​លេវី​ជា​ចំណែក​ដែល​យើង​ញែក​ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

13. ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង គឺ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ថា៖

15. «ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាម​អំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។

16. លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួក​គេ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។

17. កូន​ប្រុស​របស់​លោក​លេវី​មាន​នាម​ដូច​ត​ទៅ: គើសូន កេហាត់ និង​ម៉្រារី។

18. កូន​របស់​លោក​គើសូន​មាន​លីបនី និង​ស៊ី‌ម៉ៃ ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

19. កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

20. កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។

សូមអានជំពូកពេញលេញ ជន‌គណនា 3