គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 3:37-48 Khmer Standard Version (KHSV)

37. ពួក​គេ​ក៏​ទទួល​បន្ទុក​ផ្នែក​ខាង​សសរ​របស់​ទី‌លាន​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។

38. លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ‌ងារ​ក្នុង​ទី‌សក្ការៈ តាង​នាម​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល អ្នក​ឯ​ទៀតៗ​ចូល​មក​ជិត​ទី‌សក្ការៈ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

39. ចំនួន​ក្រុម​លេវី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ម៉ូសេ និង​លោក​អើរ៉ុន រាប់​តាម​អំបូរ​របស់​ពួក​គេ ដោយ​គិត​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន ២២ ០០០ នាក់។

40. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ជំរឿន​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ។ ចូរ​កត់‌ត្រា​ទុក​ក្នុង​បញ្ជី តាម​ឈ្មោះ​របស់​គេ​រៀងៗ​ខ្លួន។

41. ចូរ​ញែក​ពួក​លេវី​ទុក​ដោយ​ឡែក សម្រាប់​យើង ជា​ព្រះ‌អម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ក៏​ញែក​ហ្វូង​សត្វ​របស់​ពួក​លេវី ជំនួស​កូន​ដំបូង​ទាំង​អស់​នៃ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ»។

42. លោក​ម៉ូសេ​ជំរឿន​ចំនួន​កូន​ច្បង​ទាំង​អស់​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។

43. កូន​ប្រុស​ច្បង​ទាំង​អស់​ដែល​គេ​រាប់​តាម​ឈ្មោះ ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ឃើញ​មាន​ចំនួន ២២ ២៧៣​នាក់។

44. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

45. «ចូរ​ញែក​ពួក​លេវី​ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី​ក៏​ជំនួស​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់។

46. ដើម្បី​លោះ​ចំនួន​ពួក​លេវី​ដែល​លើស​២៧៣​នាក់​នោះ

47. ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សម្រាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទី‌សក្ការៈ​ពោល​គឺ​ម្ភៃ​កេរ៉ា*។

48. ចូរ​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់»។

សូមអានជំពូកពេញលេញ ជន‌គណនា 3