គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 3:24-39 Khmer Standard Version (KHSV)

24. មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គើសូន គឺ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែល។

25. នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ កូន​ចៅ​គើសូន​ទទួល​បន្ទុក​ផ្នែក​ខាង​ព្រះ‌ពន្លា និង​ពន្លា​ព្រម​ទាំង​ក្រណាត់​បាំង​ពី​លើ វាំងនន​ច្រក​ចូល​ពន្លា​ជួប​ព្រះ‌អម្ចាស់

26. ដំបូល​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ខ្សែ​ចង​ពន្លា​ទាំង​អស់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​របស់​ទាំង​នោះ។

27. លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូ‌ស៊ាល។

28. ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៨ ៦០០ នាក់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ទី‌សក្ការៈ។

29. អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ព្រះ‌ពន្លា។

30. មេ​ដឹក​នាំ​ក្រុម​គ្រួសារ​កេហាត់ គឺ​លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាល។

31. កូន​ចៅ​កេហាត់​ទទួល​បន្ទុក​ផ្នែក​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី តុ​សក្ការៈ ជើង​ចង្កៀង អាសនៈ គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ វាំងនន​ខាង​ក្នុង និង​របស់​ឯ​ទៀតៗ​ដែល​ស្ថិត​នៅ​ក្នុង​ទី‌សក្ការៈ។

32. មេ​ដឹក​នាំ​កំពូល​របស់​កូន​ចៅ​លេវី គឺ​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។ លោក​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។

33. លោក​ម៉្រារី​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​ម៉្រារី ដែល​ចែក​ចេញ​ជា​ត្រកូល​ម៉ាស់‌លី និង​ត្រកូល​ម៉ូស៊ី។

34. ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៦ ២០០ នាក់។

35. មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​អំបូរ​ម៉្រារី គឺ​លោក​ស៊ូរី‌អែល ជា​កូន​របស់​លោក​អប៊ី‌ហែល។ ពួក​គេ​បោះ​ជំរំ​នៅ​ខាង​ជើង​ព្រះ‌ពន្លា។

36. កូន​ចៅ​ម៉្រារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។

37. ពួក​គេ​ក៏​ទទួល​បន្ទុក​ផ្នែក​ខាង​សសរ​របស់​ទី‌លាន​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។

38. លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ‌ងារ​ក្នុង​ទី‌សក្ការៈ តាង​នាម​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល អ្នក​ឯ​ទៀតៗ​ចូល​មក​ជិត​ទី‌សក្ការៈ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

39. ចំនួន​ក្រុម​លេវី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ម៉ូសេ និង​លោក​អើរ៉ុន រាប់​តាម​អំបូរ​របស់​ពួក​គេ ដោយ​គិត​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន ២២ ០០០ នាក់។

សូមអានជំពូកពេញលេញ ជន‌គណនា 3