គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 27:9-20 Khmer Standard Version (KHSV)

9. ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បង‌ប្អូន​របស់​គាត់។

10. ប្រសិន​បើ​គាត់​គ្មាន​បង‌ប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បង‌ប្អូន​ឪពុក​គាត់។

11. ប្រសិន​បើ​ឪពុក​របស់​គាត់​គ្មាន​បង‌ប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​នោះ​ទៅ​ឲ្យ​សាច់‌ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល‌មត៌ក​នេះ”»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​អនុវត្ត​តាម​គោល‌ការណ៍​នេះ​ទុក​ជា​ច្បាប់ ស្រប​នឹង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបា‌រីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។

13. អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ

14. ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ‌បោរ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សម្តែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ‌បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ‌បោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។

15. លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖

16. «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​ផង។

17. អ្នក​នោះ​នឹង​នាំ​មុខ​ប្រជា‌ជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អម្ចាស់​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។

19. ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង‌តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។

20. ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ឮ​ផង។

សូមអានជំពូកពេញលេញ ជន‌គណនា 27