គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 25:1-11 Khmer Standard Version (KHSV)

1. ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​ស៊ីទីម ហើយ​នៅ​ទី​នោះ ប្រជា‌ជន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់។

2. ស្ត្រី​ទាំង​នោះ​បបួល​ប្រជា‌ជន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។

3. ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​គេ។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ហើយ​ព្យួរ-ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ពង្វាង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល»។

5. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅ‌ក្រម​នៃ​ជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​ប្រហារ​ជីវិត​ពួក​អ្នក​ដែល​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ​ទៅ!»។

6. ពេល​នោះ មាន​បុរស​ម្នាក់​ជា​ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

7. ឃើញ​ដូច្នេះ លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។

8. គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ពន្លា​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​ស្ងប់​ទៅ​វិញ។

9. គ្រោះ​កាច​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង​អស់​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

11. «ភីនេ‌ហាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន បាន​សម្តែង​ចិត្ត​ឈឺ​ចាប់​ជំនួស​យើង នៅ​ពេល​ឃើញ​អ៊ីស្រា‌អែល​ក្បត់​ចិត្ត​យើង។ ទោះ​បី​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​អ៊ីស្រា‌អែល​ក្បត់​ចិត្ត​យើង​ក្ដី ក៏​យើង​ពុំ​បាន​ប្រល័យ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ដែរ ព្រោះ​ភីនេ‌ហាស​បាន​ពង្វាង​កំហឹង​របស់​យើង​ចេញ​ពី​ពួក​គេ។

សូមអានជំពូកពេញលេញ ជន‌គណនា 25