គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 23:13-30 Khmer Standard Version (KHSV)

13. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។

14. ស្ដេច​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា។ នៅ​ទី​នោះ ស្ដេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។

15. លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់»។

16. ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​បាឡាម ព្រះ‌អង្គ​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។

17. លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​លោក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។

18. លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖បពិត្រ​ព្រះ‌រាជា​បាឡាក់សូម​ប្រុង​ប្រៀប​ព្រះ‌សណ្ដាប់!បពិត្រ​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់!

19. ព្រះ‌ជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេព្រះ‌អង្គ​មិន​ចេះ​កុហក​ឡើយព្រះ‌អង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ដូច​ពូជ‌ពង្ស​របស់​លោក​អដាំ​ដែរ!ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ណាទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ព្រះ‌អង្គ​តែងតែ​សម្រេច​តាម​ព្រះ‌បន្ទូលដែល​ព្រះ‌អង្គ​បាន​ថ្លែង។

20. ទូលបង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អង្គដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​នេះបើ​ព្រះ‌ជាម្ចាស់​ឲ្យ​ពរនោះ​ទូលបង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។

21. គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់កូន​ចៅ​លោក​យ៉ាកុប​ឡើយហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេគង់​នៅ​ជា​មួយ​ពួក​គេពួក​គេ​ប្រកាស​ថាព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

22. ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។

23. មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេអំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រា‌អែល​ដែរ។នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុបនិង​អ៊ីស្រា‌អែល។

24. មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញីពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោលដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពាហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេវា​មិន​ដេក​វិញ​ឡើយ។

25. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។

26. លោក​បាឡាម​តប​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​រួច​ហើយ​ថា ទូលបង្គំ​នឹង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

27. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះ‌ជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​លោក​ដាក់​បណ្ដាសា​ពួក​គេ»។

28. ព្រះ‌បាទ​បាឡាក់​នាំ​លោក​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។

29. លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ទូលបង្គំ​ផង»។

30. ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម ហើយ​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នីមួយៗ។

សូមអានជំពូកពេញលេញ ជន‌គណនា 23