គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 22:7-19 Khmer Standard Version (KHSV)

7. ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌាន នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ហោរ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​បាឡាក់។

8. លោក​បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាម។

9. ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស‌ម្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជា​នរណា?»។

10. លោក​បាឡាម​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ស្ដេច​បាឡាក់ ជា​បុត្រ​របស់​ស្ដេច​ស៊ីប‌ព័រ​ដែល​សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​ចាត់​ពួក​គេ​ឲ្យ​មក​ប្រាប់​ទូលបង្គំ​ថា

11. “មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ និង​បណ្តេញ​ពួក​គេ​បាន”»។

12. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ប្រជា‌ជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។

13. លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​ដែល​ព្រះ‌បាទ​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។

14. មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​គាល់​ព្រះ‌បាទ​បាឡាក់​វិញ ទូល​ថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។

15. ព្រះ‌បាទ​បាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ឲ្យ​ទៅ​សា​ជា​ថ្មី មាន​គ្នា​ច្រើន​ជាង​មុន និង​មាន​យស‌ស័ក្ដិ​ខ្ពស់​ជាង​មុន។

16. ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ជម្រាប​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ មាន​រាជ‌ឱង្ការ​ថា “សូម​អញ្ជើញ​លោក​មក​ជួប​យើង កុំ​បី​អាក់‌ខាន

17. ដ្បិត​យើង​បាន​លើក​កិត្តិយស​លោក​ច្រើន​ណាស់ ហើយ​បើ​លោក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង”»។

18. លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌បាទ​បាឡាក់​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់ ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី​តូច ឬ​ធំ ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត។

19. ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។

សូមអានជំពូកពេញលេញ ជន‌គណនា 22