គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 22:27-39 Khmer Standard Version (KHSV)

27. លា​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​ឲ្យ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លា។

28. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​លា​ញី​ចេះ​និយាយ វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។

29. លោក​បាឡាម​តប​ទៅ​លា​ញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។

30. លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ លោក​បាឡាម​តប​ថា «ទេ!»។

31. ពេល​នោះ ព្រះ‌អម្ចាស់​បំភ្លឺ​ឲ្យ​លោក​បាឡាម​មើល​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ លោក​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

32. ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។

33. លា​ញី​បាន​ឃើញ​ខ្ញុំ វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា»។

34. លោក​បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ប្របាទ​ពុំ​ដឹង​ថា លោក​ម្ចាស់​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ប្របាទ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ទេ នោះ​ខ្ញុំ​ប្របាទ​បក​ក្រោយ​វិញ»។

35. ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។

36. ព្រះ‌បាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្ដេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ក្បែរ​ជាយ​ដែន។

37. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បាឡាម​ថា៖ «យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង តើ​លោក​ស្មាន​ថា​យើង​មិន​អាច​លើក​កិត្តិយស​លោក​ឬ?»។

38. លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ឥឡូវ​នេះ ទូលបង្គំ​មក​គាល់​ព្រះ‌ករុណា​ហើយ។ ក៏​ប៉ុន្តែ ទូលបង្គំ​ពុំ​អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​ទូលបង្គំ​ថ្លែង​នោះ​ឡើយ»។

39. លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះ‌បាទ​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់-‌ហាសូត។

សូមអានជំពូកពេញលេញ ជន‌គណនា 22