គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 22:18-29 Khmer Standard Version (KHSV)

18. លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌បាទ​បាឡាក់​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់ ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី​តូច ឬ​ធំ ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត។

19. ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។

20. នៅ​ពេល​យប់ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ»។

21. លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។

22. ពេល​នោះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា*​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។

23. លា​ញី​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។

24. ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ដែល​មាន​ចម្ការ​ទំពាំង‌បាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។

25. លា​ញី​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង។ លោក​បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។

26. ទេវតា​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។

27. លា​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​ឲ្យ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លា។

28. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​លា​ញី​ចេះ​និយាយ វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។

29. លោក​បាឡាម​តប​ទៅ​លា​ញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។

សូមអានជំពូកពេញលេញ ជន‌គណនា 22