គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 21:1-6 Khmer Standard Version (KHSV)

1. ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​របស់​ជន‌ជាតិ​កាណាន ដែល​គង់​នៅ​តំបន់​ណេកិប បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​អថា‌រីម។ ស្ដេច​ក៏​លើក​ទ័ព​មក​វាយ​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ពួក​គេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។

2. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បន់​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ ទូលបង្គំ​នឹង​បំផ្លាញ​ទីក្រុង​ទាំង‌ឡាយ​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ»។

3. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ហើយ​ប្រគល់​ជន‌ជាតិ​កាណាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ អ៊ីស្រា‌អែល​បាន​បំផ្លាញ​ជន‌ជាតិ​កាណាន ព្រម​ទាំង​ក្រុង​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ហោរ‌ម៉ា”។

4. ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​សមុទ្រ​កក់ ដើម្បី​វាង​ស្រុក​អេដុម។ តាម​ផ្លូវ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត

5. ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ‌ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គំរក់​នេះ​ដែរ!»។

6. ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ជន‌គណនា 21