ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 21 Khmer Standard Version (KHSV)

ជ័យ‌ជំនះ​លើ​ជន‌ជាតិ​កាណាន

1. ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​របស់​ជន‌ជាតិ​កាណាន ដែល​គង់​នៅ​តំបន់​ណេកិប បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​អថា‌រីម។ ស្ដេច​ក៏​លើក​ទ័ព​មក​វាយ​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ពួក​គេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។

2. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បន់​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ ទូលបង្គំ​នឹង​បំផ្លាញ​ទីក្រុង​ទាំង‌ឡាយ​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ»។

3. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ហើយ​ប្រគល់​ជន‌ជាតិ​កាណាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ អ៊ីស្រា‌អែល​បាន​បំផ្លាញ​ជន‌ជាតិ​កាណាន ព្រម​ទាំង​ក្រុង​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ហោរ‌ម៉ា”។

ពស់​ភ្លើង

4. ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​សមុទ្រ​កក់ ដើម្បី​វាង​ស្រុក​អេដុម។ តាម​ផ្លូវ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត

5. ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ‌ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គំរក់​នេះ​ដែរ!»។

6. ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

7. ប្រជា‌ជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​បណ្ដេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​ប្រជា‌ជន។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។

9. លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។

អ៊ីស្រា‌អែល​វាយ​យក​ទឹក​ដី​ខាង​កើត​ទន្លេ​យ័រដាន់

10. ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ទៅ ហើយ​បោះ​ជំរំ​នៅ​អូបុត។

11. ពួក​គេ​ចាក​ចេញ​ពី​អូបុត​ទៅ​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ក្នុង​វាល​រហោ‌ស្ថាន​នៅ​ខាង​កើត​ស្រុក​ម៉ូអាប់។

12. ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​សេរេដ។

13. ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន ដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាម​វាល​រហោ‌ស្ថាន។ ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​របស់​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី។

14. ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ​«សង្គ្រាម​របស់​ព្រះ‌អម្ចាស់»​ស្ដី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំង‌ឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ ស្ទឹង​អើណូន

15. ព្រម​ទាំង​ស្ទឹង​ដង​អូរ​ឯ​ទៀតៗ ដែល​ហូរ​កាត់​តាម​ក្រុង​អើរ ហើយ​ធ្វើ​ជា​ព្រំ‌ប្រទល់​របស់​ស្រុក​ម៉ូអាប់។

16. បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​បៀរ គឺ​ត្រង់​អណ្ដូង​ទឹក ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ឲ្យ​ប្រមូល​ប្រជា‌ជន ដើម្បី​ប្រទាន​ទឹក​ឲ្យ​ពួក​គេ។

17. នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ចម្រៀង​មួយ​បទ​ដូច​ត​ទៅ:«អណ្ដូង​ទឹក​អើយ ចូរ​ឲ្យ​មាន​ទឹក​ផុស​ឡើង!ចូរ​បន្លឺ​សំឡេង​អបអរ!

18. អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួងអណ្ដូង​ដែល​ពួក​វីរ‌ជន​បាន​ជីកដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។

19. បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​ម៉ាថា‌ណា ពី​ម៉ាថា‌ណា​ទៅ​ណាហា‌លាល ពី​ណាហា‌លាល​ទៅ​បាម៉ុត

20. ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពី​ស្កា ដែល​ស្ថិត​នៅ​ជាប់​វាល‌រហោ‌ស្ថាន។

21. ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ទូល​ថា៖

22. «យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ។ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ធំ រហូត​ដល់​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។

23. ព្រះ‌បាទ​ស៊ីហុន​មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទេ តែ​ស្ដេច​ប្រមូល​កង‌ទ័ព​ទាំង​មូល​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន គឺ​ស្ដេច​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​យ៉ាហាស់។

24. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។

25. ជន‌ជាតិ​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ។

26. ក្រុង​ហែស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្ដេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អើណូន។

27. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖ចូរ​នាំ​គ្នា​មក​ហែស‌បូន!ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុនហើយ​រៀប‌ចំ​ឲ្យ​ដូច​ដើម​ឡើង​វិញ!

28. ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែស‌បូនអណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុនឆាប‌ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើណូន។

29. ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ!ប្រជា‌ជន​ដែល​ថ្វាយ‌បង្គំ​ព្រះ‌កេម៉ូស​អើយអ្នក​អន្តរាយ​ហើយ!ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួនរត់​ខ្ចាត់‌ខ្ចាយហើយ​ប្រគល់​កូន​ស្រីរបស់​ខ្លួន​ទៅ​ជា​ឈ្លើយរបស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី!

30. ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេយើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេចាប់​ពី​ក្រុង​ហែស‌បូន រហូត​ដល់​ក្រុង​ឌីបូនយើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេរហូត​ដល់​ក្រុង​ណូផាដែល​នៅ​ជាប់​នឹង​ក្រុង​មេឌី‌បា។

31. ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។

32. លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ា‌ស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។

33. បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដូរ​ទិស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​របស់​ខ្លួន​ចេញ​មក​វាយ​អ៊ីស្រា‌អែល នៅ​អេទ្រី។

34. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​យើង​ប្រគល់​ស្ដេច​នេះ និង​កង‌ទ័ព​ទាំង​មូល ព្រម​ទាំង​ស្រុក​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហែស‌បូន​ដែរ»។

35. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​ស្ដេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្ដេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្ដេច​នោះ។