គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 20:1-8 Khmer Standard Version (KHSV)

1. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ អ្នក​ស្រី​ម៉ារាម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។

2. ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។

3. ប្រជា‌ជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បង‌ប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង!

4. ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឲ្យ​មក​ស្លាប់ នៅ​វាល​រហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ?

5. ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំង‌បាយជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សម្រាប់​ផឹក​ក៏​គ្មាន»។

6. លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុម‌ជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

8. «ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម‌ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។

សូមអានជំពូកពេញលេញ ជន‌គណនា 20