គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 19:5-14 Khmer Standard Version (KHSV)

5. ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។

6. បូជា‌ចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។

7. បូជា‌ចារ្យ​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក បូជា‌ចារ្យ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូតទល់​ល្ងាច។

8. រីឯ​អ្នក​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅ‌ហ្មង រហូតទល់​ល្ងាច។

9. ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ធាតុ​របស់​គោ​ញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ធាតុ​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រា‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។

10. អ្នក​រើស​ធាតុ​របស់​គោ​ញី​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូតទល់​ល្ងាច។ នេះ​ជា​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ។

11. អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

12. គេ​ត្រូវ​យក​ទឹក​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ មក​លាង​ជម្រះ​ខ្លួន នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។

13. អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត​ត​ទៅ។

14. នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមអានជំពូកពេញលេញ ជន‌គណនា 19