គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 19:12-21 Khmer Standard Version (KHSV)

12. គេ​ត្រូវ​យក​ទឹក​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ មក​លាង​ជម្រះ​ខ្លួន នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។

13. អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត​ត​ទៅ។

14. នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

15. រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គម្រប​នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។

16. អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

17. ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។

18. ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង ប៉ះ‌ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ‌ពាល់​ផ្នូរ។

19. អ្នក​ដែល​មិន​សៅ‌ហ្មង​ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅ‌ហ្មង​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ ហើយ​ជម្រះ​អ្នក​នោះ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ យក​ទឹក​លុប‌លាង​ខ្លួន នោះ​គាត់​នឹង​បរិសុទ្ធ​នៅ​ពេល​ល្ងាច។

20. បើ​នរណា​ម្នាក់​សៅ‌ហ្មង តែ​ពុំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុម‌ជំនុំ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅ‌ហ្មង។

21. នេះ​ជា​ច្បាប់​ដែល​ពួក​គេ​ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះ​ទឹក​ឲ្យ​គេ ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​ទឹក​សម្រាប់​ប្រោះ​លើ​អ្នក​សៅ‌ហ្មង ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។

សូមអានជំពូកពេញលេញ ជន‌គណនា 19