គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 18:24-32 Khmer Standard Version (KHSV)

24. យើង​ប្រគល់​ភោគ‌ផល​មួយ​ភាគ​ដប់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ទុក​ដោយ​ឡែក​សម្រាប់​យើង ឲ្យ​កូន​ចៅ​លេវី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រកាស​អំពី​ពួក​គេ​ថា: “ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ”»។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

26. «ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ភោគ‌ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ‌ផល​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌អម្ចាស់។

27. តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​តង្វាយ ដែល​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​របស់​គេ​ដែរ។

28. ដូច្នេះ ភោគ‌ផល​មួយ​ភាគ​ដប់​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​យក​មក​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​បូជា‌ចារ្យ​អើរ៉ុន។

29. ភោគ‌ផល​ដែល​ប្រជា‌ជន​យក​មក​ជូន​អ្នក​រាល់​គ្នា​នោះ ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ញែក​មួយ​ផ្នែក​ដ៏​ល្អ​វិសេស​ជា​ចំណែក​សក្ការៈ”។

30. ចូរ​ប្រាប់​ពួក​លេវី​ថា: ពេល​ណា​អ្នក​រាល់​គ្នា​ញែក​ផ្នែក​ដ៏​ល្អ​វិសេស​មួយ​ភាគ​ដប់​ហើយ ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ដូច​ជា​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ដែល​នៅ​សល់​របស់​ប្រជា‌ជន​ដែរ។

31. អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ទាំង​នេះ រួម​ជា​មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ‌ផល​ទាំង​នេះ​ជា​កំរៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បំពេញ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

32. ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សម្រាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្ដាល​ឲ្យ​តង្វាយ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។

សូមអានជំពូកពេញលេញ ជន‌គណនា 18