គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 18:11-23 Khmer Standard Version (KHSV)

11. ចំណែក​ដែល​អ្នក​អាច​យក​បាន​ទៀត​នោះ គឺ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​លើក​ថ្វាយ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។

12. យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង​ឲ្យ​អ្នក​ដែរ គឺ​ប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។

13. ផល​ដំបូង​នៃ​ភោគ‌ផល​ដុះ​ចេញ​ពី​ដី ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង ក៏​នឹង​បាន​ទៅ​អ្នក​ដែរ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។

14. អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ផ្ដាច់​ដល់​យើង នោះ​យើង​ប្រគល់​ឲ្យ​អ្នក។

15. កូន​ដំបូង​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង គឺ​ទាំង​កូន​មនុស្ស ទាំង​កូន​សត្វ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ប៉ុន្តែ ចូរ​ឲ្យ​គេ​លោះ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​បរិសុទ្ធ។

16. ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ តាម​តម្លៃ​គិត‌គូរ​របស់​អ្នក គឺ​ប្រាក់​ប្រាំ​ណែន គិត​តាម​ទម្ងន់​ប្រាក់​ណែន​របស់​ទី‌សក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។

17. ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សម្រាប់​ថ្វាយ​យញ្ញ‌បូជា។ ត្រូវ​យក​ឈាម​របស់​វា​ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

18. រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្ដាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។

19. អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​នឹង​គ្មាន​ទឹក​ដី​ជា​កេរ‌មត៌ក​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​ចំណែក​អ្វី​រួម​ជា​មួយ​ពួក​គេ​ដែរ គឺ​យើង​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​អ្នក នៅ​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល។

21. យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

22. មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។

23. ពួក​លេវី​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​ណែ‌នាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

សូមអានជំពូកពេញលេញ ជន‌គណនា 18