1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងក្រុមញាតិរបស់អ្នក នឹងទទួលខុសត្រូវចំពោះកំហុសដែលកើតមានក្នុងទីសក្ការៈ។ អ្នក និងកូនចៅរបស់អ្នក ទទួលខុសត្រូវចំពោះកំហុសផ្សេងៗដែលទាក់ទងនឹងមុខងារជាបូជាចារ្យ។
2. ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នក ធ្វើការក្នុងពន្លានៃសន្ធិសញ្ញា។
3. ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នក ហើយមានភារកិច្ចថែរក្សាពន្លាទាំងមូល។ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតគ្រឿងបរិក្ខារសក្ការៈ ឬអាសនៈឡើយ ក្រែងលោទាំងអ្នករាល់គ្នា ទាំងពួកគេ ត្រូវស្លាប់។
4. ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារកិច្ចថែរក្សាពន្លានៃសន្ធិសញ្ញា និងបម្រើការទាំងអស់ក្នុងពន្លា។ រីឯអ្នកផ្សេងទៀត គ្មានសិទ្ធិចូលមកជិតអ្នករាល់គ្នាទេ។
5. អ្នករាល់គ្នាមើលខុសត្រូវទីសក្ការៈ និងថែរក្សាអាសនៈ។ ធ្វើដូច្នេះ ជនជាតិអ៊ីស្រាអែលមិនធ្វើឲ្យយើងមានកំហឹងនឹងពួកគេឡើយ។
6. យើងបានជ្រើសរើសពួកលេវី ជាបងប្អូនរបស់អ្នករាល់គ្នា ចេញពីចំណោមកូនចៅអ៊ីស្រាអែល ប្រគល់ឲ្យអ្នករាល់គ្នា ដើម្បីឲ្យពួកគេបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។