គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 16:22-32 Khmer Standard Version (KHSV)

22. លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទូល​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ព្រះ‌អង្គ​គួរ​ព្រះ‌ពិរោធ​នឹង​សហគមន៍​ទាំង​មូល​ឬ?»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24. «ចូរ​ប្រាប់​សហគមន៍​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​កូរេ ដាថាន និង​អប៊ី‌រ៉ាម»។

25. លោក​ម៉ូសេ​ក្រោក​ឡើង ដើរ​ទៅ​រក​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ដោយ​មាន​ពួក​ព្រឹទ្ធា‌ចារ្យ​ដើរ​តាម​ក្រោយ​ផង។

26. លោក​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។

27. ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន ជា​មួយ​ប្រពន្ធ កូន និង​ចៅ។

28. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​កិច្ចការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ!

29. ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។

30. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌អម្ចាស់​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់‌ងាយ​ព្រះ‌អម្ចាស់​មែន»។

31. លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា

32. ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។

សូមអានជំពូកពេញលេញ ជន‌គណនា 16