ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 16 Khmer Standard Version (KHSV)

ការ​បះ‌បោរ​របស់​លោក​កូរេ ដាថាន និង​អប៊ី‌រ៉ាម

1. លោក​កូរេ​ជា​កូន​លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី បាន​ចូល​ដៃ​ជា​មួយ​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន ជា​កូន​របស់​លោក​ពេ‌ឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។

2. អ្នក​ទាំង​នោះ​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​ពីរ​រយ​ហា‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ និង​ជា​តំណាង​សហគមន៍ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ជួយ​គាំទ្រ​ផង។

3. ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

4. កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

5. លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នរណា​ជា​មនុស្ស​ដ៏‌វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។

6. ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក

7. ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​វិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។

8. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «កូន​ចៅ​លោក​លេវី​អើយ ចូរ​នាំ​គ្នា​ស្ដាប់!

9. ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះ‌អង្គ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?

10. ព្រះ‌អង្គ​ឲ្យ​លោក និង​បង‌ប្អូន​របស់​លោក​ទាំង​អស់ ដែល​ជា​កូន​ចៅ​លោក​លេវី ចូល​ទៅ​ជិត​ព្រះ‌អង្គ​ប៉ុណ្ណឹង​ហើយ អស់​លោក​បែរ​ជា​ចង់​បាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​ថែម​ទៀត!

11. ហេតុ​នេះ​ហើយ​បាន​ជា​លោក និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ តើ​លោក​អើរ៉ុន​ជា​អ្វី បាន​ជា​ពួក​លោក​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​គាត់​ដូច្នេះ?»។

12. លោក​ម៉ូសេ​ចាត់​ឲ្យ​គេ​ទៅ​ហៅ​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូន​របស់​លោក​អេលាប។ លោក​ទាំង​ពីរ​ពោល​ថា៖ «ពួក​យើង​មិន​ទៅ​ទេ!

13. លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ បាន​ជា​លោក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត?

14. លោក​មិន​បាន​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ហើយ​លោក​ក៏​មិន​បាន​ប្រគល់​ស្រែ​ចម្ការ ឬ​ចម្ការ​ទំពាំង‌បាយជូរ​មក​យើង​ខ្ញុំ ទុក​ជា​មត៌ក​ដែរ តើ​លោក​ស្មាន​ថា​ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។

15. លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​កុំ​រវី‌រវល់​នឹង​តង្វាយ​របស់​ពួក​គេ​ឡើយ។ ទូលបង្គំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ​ក៏​ទូលបង្គំ​មិន​បាន​យក​ដែរ ទូលបង្គំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។

ព្រះ‌អម្ចាស់​ដាក់​ទោស​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់

16. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «ស្អែក សូម​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អើរ៉ុន

17. ម្នាក់ៗ​កាន់​ពាន​ដែល​មាន​ដាក់​គ្រឿង​ក្រអូប គឺ​មាន​ពាន​ទាំង​អស់​ចំនួន​ពីរ​រយ​ហា‌សិប ហើយ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ រីឯ​លោក​អើរ៉ុន និង​ខ្លួន​លោក​ផ្ទាល់ ក៏​ត្រូវ​កាន់​ពាន​មួយ​ម្នាក់​ដែរ»។

18. ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​មួយ​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

19. លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​លោក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

21. «ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។

22. លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទូល​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ព្រះ‌អង្គ​គួរ​ព្រះ‌ពិរោធ​នឹង​សហគមន៍​ទាំង​មូល​ឬ?»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24. «ចូរ​ប្រាប់​សហគមន៍​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​កូរេ ដាថាន និង​អប៊ី‌រ៉ាម»។

25. លោក​ម៉ូសេ​ក្រោក​ឡើង ដើរ​ទៅ​រក​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ដោយ​មាន​ពួក​ព្រឹទ្ធា‌ចារ្យ​ដើរ​តាម​ក្រោយ​ផង។

26. លោក​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។

27. ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន ជា​មួយ​ប្រពន្ធ កូន និង​ចៅ។

28. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​កិច្ចការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ!

29. ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។

30. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌អម្ចាស់​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់‌ងាយ​ព្រះ‌អម្ចាស់​មែន»។

31. លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា

32. ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។

33. ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។

34. ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​នៅ​ជុំ‌វិញ ឮ​សម្រែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។

35. មាន​ភ្លើង​ចេញ​មក​ពី​ព្រះ‌អម្ចាស់ ឆេះ​កម្ទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ថ្វាយ​គ្រឿង​ក្រអូប​នោះ​ដែរ។

ពាន​ដាក់​ភ្លើង​របស់​បក្ស​ពួក​លោក​កូរេ

36. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

37. «ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន ឲ្យ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ។

38. ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ​ស្រោប​អាសនៈ ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់»។

39. បូជា‌ចារ្យ​អេឡាសារ​ក៏​យក​ពាន​លង្ហិន ដែល​អស់​អ្នក​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង​យក​មក​ថ្វាយ​នោះ ទៅ​ដំ​ជា​បន្ទះ​ស្រោប​អាសនៈ

40. ទុក​ជា​ទី​រំឭក​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ក្រៅ​ពី​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។

ប្រជា‌ជន​ទិតៀន​លោក​ម៉ូសេ និង​លោក​អើរ៉ុន

41. នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «លោក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​បាត់​បង់​ជីវិត!»។

42. សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ពន្លា​ជួប​ព្រះ‌អម្ចាស់ នោះ​ស្រាប់​តែ​មាន​ពពក*​គ្រប​បាំង​ពន្លា ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ក៏​លេច​មក​ដែរ

43. លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ដល់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

44. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

45. «ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

46. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍ ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ដែរ»។

47. លោក​អើរ៉ុន​ក៏​យក​ពាន តាម​ពាក្យ​របស់​លោក​ម៉ូសេ រួច​លោក​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ក្នុង​ចំណោម​ប្រជា‌ជន។ លោក​ក៏​ថ្វាយ​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជា‌ជន។

48. លោក​ឈរ​នៅ​ចន្លោះ​សាក‌សព និង​អស់​អ្នក​ដែល​នៅ​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។

49. មាន​ប្រជា‌ជន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំ‌ពីរ​រយ​នាក់​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​នេះ ថែម​ពី​លើ​ចំនួន​អស់​អ្នក​ដែល​ស្លាប់​នៅ​ពេល​លោក​កូរេ​បះ‌បោរ។

50. លោក​អើរ៉ុន​វិល​ទៅ​រក​លោក​ម៉ូសេ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។