គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 15:13-27 Khmer Standard Version (KHSV)

13. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​ជា‌ម្ចាស់​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​ខាង​លើ នៅ​ពេល​ថ្វាយ​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

14. ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ

15. គឺ​មាន​ក្បួន​តម្រា​តែ​មួយ សម្រាប់​សហគមន៍​ទាំង​មូល ទោះ​បី​អ្នក​រាល់​គ្នា​ក្ដី ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្ដី។ ត្រូវ​ធ្វើ​តាម​ក្បួន​តម្រា​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​ជន​បរ‌ទេស​ក្ដី ឬ​អ្នក​រាល់​គ្នា​ក្ដី។

16. មាន​ក្រឹត្យ‌វិន័យ​តែ​មួយ ច្បាប់​តែ​មួយ សម្រាប់​អ្នក​រាល់​គ្នា និង​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

18. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ចូល​ទៅ​នៅ ហើយ​ពេល​អ្នក​រាល់​គ្នា​បាន​អាហារ​ពី​ស្រុក​នោះ​បរិភោគ

19. ត្រូវ​ញែក​មួយ​ចំណែក​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

20. ត្រូវ​ញែក​ម្សៅ​ដំបូង​មួយ​ចំណែក​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​នំ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​គេ​ញែក​ស្រូវ ដែល​ជា​ផល​ដំបូង នៅ​លាន​បោក​ស្រូវ​ដែរ។

21. ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ថ្វាយ​ព្រះ‌អម្ចាស់ តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។

22. ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេតនា គឺ​មិន​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ

23. ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បង្គាប់​មក​លោក​ម៉ូសេ ចាប់​ពី​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​បទ‌បញ្ជា​ពី​ដំបូង​ជា​រៀង​រហូត​មក

24. ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេតនា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ថ្វាយ​គោ​ស្ទាវ​មួយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ ស្រប​តាម​វិន័យ។ សហគមន៍​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។

25. បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នោះ​ព្រះ‌អម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។ ពួក​គេ​ត្រូវ​យក​តង្វាយ​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​យញ្ញ‌បូជា មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​លុប‌លាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេតនា​នោះ។

26. ព្រះ‌អម្ចាស់​នឹង​អត់‌ទោស​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ព្រម​ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ គឺ​ប្រជា‌ជន​ទាំង​មូល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។

27. ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​រំដោះ​បាប។

សូមអានជំពូកពេញលេញ ជន‌គណនា 15