គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 15:1-14 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ទី​លំ‌នៅ

3. ហើយ​ពេល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ទោះ​បី​ជា​តង្វាយ​ដុត​ទាំង​មូល​ក្ដី ឬ​យញ្ញ‌បូជា​លា​បំណន់ តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត ឬ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ក្ដី នោះ​ត្រូវ​យក​គោ ឬ​ចៀម មក​ថ្វាយ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

4. អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ ត្រូវ​យក​ម្សៅ​បី​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​មួយ​លីត្រ​កន្លះ

5. និង​យក​ស្រា​ទំពាំង‌បាយជូរ​មួយ​លីត្រ​កន្លះ មក​ថ្វាយ​ជា​មួយ​កូន​ចៀម ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត ឬ​យញ្ញ‌បូជា។

6. ប្រសិន​បើ​អ្នក​ថ្វាយ​ចៀម​ឈ្មោល ត្រូវ​យក​ម្សៅ​ប្រាំ​មួយ​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​ពីរ​លីត្រ

7. និង​ស្រា​ទំពាំង‌បាយជូរ​ពីរ​លីត្រ មក​ថ្វាយ​ជា​មួយ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

8. ប្រសិន​បើ​អ្នក​យក​គោ​បា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ឬ​ជា​យញ្ញ‌បូជា​លា​បំណន់​ក្ដី ឬ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ក្ដី

9. ចូរ​យក​ម្សៅ​ប្រាំ​បួន​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​បី​លីត្រ មក​ថ្វាយ​ជា​មួយ​គោ​បា​នោះ

10. ហើយ​យក​ស្រា​ទំពាំង‌បាយជូរ​បី​លីត្រ​មក​ថ្វាយ​ជា​មួយ​ដែរ។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

11. ត្រូវ​ថ្វាយ​គោ​ឈ្មោល ចៀម​ឈ្មោល កូន​ចៀម ឬ​កូន​ពពែ​តាម​របៀប​នេះ។

12. សត្វ​មាន​ចំនួន​ច្រើន​ប៉ុន​ណា តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​សត្វ​ក៏​កើន​ឡើង​តាម​ចំនួន​នោះ​ដែរ។

13. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​ជា‌ម្ចាស់​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​ខាង​លើ នៅ​ពេល​ថ្វាយ​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

14. ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ

សូមអានជំពូកពេញលេញ ជន‌គណនា 15