គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 14:28-41 Khmer Standard Version (KHSV)

28. ចូរ​ប្រាប់​ពួក​គេ​ថា: យើង​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​បាន​ឮ​អ្នក​រាល់​គ្នា​និយាយ។

29. អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​ក្នុង​វាល​រហោ‌ស្ថាន​នេះ គឺ​អ្នក​ទាំង​អស់​គ្នា​ដែល​គេ​បាន​ជំរឿន មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង។

30. អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក‌លែង​តែ​កាលែប​ជា​កូន​របស់​យេភូ‌នេ និង​យ៉ូស្វេ ជា​កូន​របស់​នូន។

31. រីឯ​កូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។

32. ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។

33. កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ពនេ‌ចរ នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ហើយ​ពួក​គេ​ត្រូវ​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន។

34. អ្នក​រាល់​គ្នា​បាន​ទៅ​សង្កេត​មើល​ស្រុក អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រង​នូវ​កំហុស​របស់​ខ្លួន​ចំនួន​សែ‌សិប​ឆ្នាំ​ដែរ គឺ​មួយ​ឆ្នាំ​សម្រាប់​មួយ​ថ្ងៃ។ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ដឹង​ថា ពេល​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា តើ​កើត​មាន​ផល​វិបាក​យ៉ាង​ណា។

35. យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន​នេះ»។

36. អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​ត្រឡប់​មក​វិញ បាន​និយាយ​បង្ខូច​ស្រុក​ធ្វើ​ឲ្យ​សហគមន៍​ទាំង​មូល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក

37. គឺ​ពួក​គេ​បាន​រាយ‌ការណ៍​បង្ខូច​ស្រុក​នោះ។ ហេតុ​នេះ ពួក​គេ​ត្រូវ​ស្លាប់​ដោយ​គ្រោះ​កាច​មួយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។

38. ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ​ប៉ុណ្ណោះ ដែល​រួច​ជីវិត។

39. លោក​ម៉ូសេ​បាន​នាំ​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ធ្វើ​ឲ្យ​ប្រជា‌ជន​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។

40. ពួក​គេ​ក្រោក​ពី​ព្រលឹម ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ ទាំង​ពោល​ថា៖ «មក៍! ពួក​យើង​ឡើង​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដ្បិត​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប»។

41. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​ពុំ​សម្រេច​តាម​បំណង​ឡើយ។

សូមអានជំពូកពេញលេញ ជន‌គណនា 14