គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 14:23-32 Khmer Standard Version (KHSV)

23. ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។

24. រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។

25. ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ដូច​ត​ទៅ៖

27. «តើ​សហគមន៍​ដ៏​អាក្រក់​នេះ​នៅ​តែ​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ហើយ។

28. ចូរ​ប្រាប់​ពួក​គេ​ថា: យើង​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​បាន​ឮ​អ្នក​រាល់​គ្នា​និយាយ។

29. អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​ក្នុង​វាល​រហោ‌ស្ថាន​នេះ គឺ​អ្នក​ទាំង​អស់​គ្នា​ដែល​គេ​បាន​ជំរឿន មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង។

30. អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក‌លែង​តែ​កាលែប​ជា​កូន​របស់​យេភូ‌នេ និង​យ៉ូស្វេ ជា​កូន​របស់​នូន។

31. រីឯ​កូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។

32. ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។

សូមអានជំពូកពេញលេញ ជន‌គណនា 14