គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 14:11-27 Khmer Standard Version (KHSV)

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?

12. យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​លុប​បំបាត់​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង និង​មាន​កម្លាំង​ជាង​ពួក​នេះ»។

13. លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ជន‌ជាតិ​អេស៊ីប​ដឹង​ថា ព្រះ‌អង្គ​បាន​នាំ​ប្រជា‌ជន​នេះ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

14. ពួក​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ស្រុក​កាណាន។ អ្នក​ស្រុក​នោះ​ធ្លាប់​ឮ​ថា ព្រះ‌អង្គ​ដែល​ជា​ព្រះ‌អម្ចាស់ គង់​នៅ​ជា​មួយ​ប្រជា‌ជន​នេះ។ ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែក។ ពពក*​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រះ‌អង្គ​យាង​ពី​មុខ​ពួក​គេ​ក្នុង​ដុំ​ពពក​នៅ​ពេល​ថ្ងៃ ក្នុង​ដុំ​ភ្លើង​នៅ​ពេល​យប់។

15. ប្រសិន​បើ​ព្រះ‌អង្គ​ប្រហារ​ប្រជា‌ជន​នេះ​ឲ្យ​វិនាស​ទាំង​ស្រុង ដូច្នេះ ប្រជា‌ជាតិ​ដែល​ធ្លាប់​ឮ​ល្បី​អំពី​ព្រះ‌អង្គ​នឹង​ពោល​ថា:

16. ព្រះ‌អម្ចាស់​មិន​អាច​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ព្រះ‌អង្គ​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រល័យ​ជីវិត​ពួក​គេ នៅ​ក្នុង​វាល​រហោ‌ស្ថាន។

17. ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​ព្រះ‌អង្គ ដូច​ទ្រង់​ធ្លាប់​ប្រកាស​ថា

18. “ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះ‌អង្គ​លើក‌លែង​ទោស និង​កំហុស ប៉ុន្តែ ព្រះ‌អង្គ​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះ‌អង្គ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។

19. សូម​មេត្តា​អត់‌ទោស​ឲ្យ​ប្រជា‌ជន​នេះ តាម​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​គេ ចាប់​តាំង​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​ទី​នេះ»។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សុខ​ចិត្ត​អត់‌ទោស​ឲ្យ​ពួក​គេ តាម​ពាក្យ​របស់​អ្នក!

21. ក៏​ប៉ុន្តែ យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយ​មាន​សិរី‌រុងរឿង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​ថា:

22. អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុងរឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បង‌ល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។

23. ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។

24. រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។

25. ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ដូច​ត​ទៅ៖

27. «តើ​សហគមន៍​ដ៏​អាក្រក់​នេះ​នៅ​តែ​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ហើយ។

សូមអានជំពូកពេញលេញ ជន‌គណនា 14