គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 13:25-33 Khmer Standard Version (KHSV)

25. ក្រោយ​ពី​បាន​ទៅ​សង្កេត​មើល​ស្រុក​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ពួក​គេ​ក៏​វិល​ត្រឡប់​មក​វិញ។

26. ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ‌ការណ៍​ជម្រាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។

27. ពួក​គេ​ជម្រាប​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ស្រុក​នោះ​ពិត​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយមែន សូម​មើល​ផ្លែ​ឈើ​ទាំង​នេះ​ចុះ!។

28. ប៉ុន្តែ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ទីក្រុង​របស់​គេ​ធំៗ ហើយ​មាន​កំពែង​រឹង‌មាំ​ទៀត​ផង។ យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​លោក​អណាក់ ដែល​មាន​មាឌ​ដ៏​សំបើម។

29. ជន‌ជាតិ​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរី រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។

30. ប្រជា‌ជន​ក៏​នាំ​គ្នា​រក​រឿង​លោក​ម៉ូសេ តែ​លោក​កាលែប​បាន​ប្រាប់​ពួក​គេ​ឲ្យ​នៅ​ស្ងៀម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​យើង​នាំ​គ្នា​ឡើង​ទៅ​ដណ្ដើម​យក​ស្រុក​នោះ​ទៅ ដ្បិត​ពួក​យើង​មុខ​ជា​មាន​ជ័យ‌ជំនះ​មិន​ខាន!»។

31. ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ឡើង​ទៅ​សង្កេត​មើល​ស្រុក​ជា​មួយ​លោក នាំ​គ្នា​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​វាយ​ប្រជា‌ជន​នោះ​ឡើយ ព្រោះ​ពួក​គេ​មាន​កម្លាំង​ជាង​ពួក​យើង!»។

32. ពួក​គេ​នាំ​គ្នា​និយាយ​បង្ខូច​ស្រុក ដែល​ពួក​គេ​បាន​ទៅ​សង្កេត​មើល​នោះ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល។ ពួក​គេ​ពោល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​បំផ្លាញ​ប្រជា‌ជន។ ពួក​យើង​បាន​ឃើញ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​មនុស្ស​មាន​មាឌ​ខ្ពស់។

33. យើង​ក៏​បាន​ឃើញ​មនុស្ស​មាន​មាឌ​ធំ​សំបើម ជា​កូន​ចៅ​លោក​អណាក់ គឺ​ពូជ​មនុស្ស​ដែល​មាន​មាឌ​យ៉ាង​ធំ​សំបើម។ បើ​ធៀប​ទៅ​នឹង​ពួក​គេ ពួក​យើង​ប្រៀប​បី​ដូច​ជា​កណ្ដូប ហើយ​ពួក​គេ​ចាត់​ទុក​យើង​ដូច​សត្វ​កណ្ដូប»។

សូមអានជំពូកពេញលេញ ជន‌គណនា 13