1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗ ហើយអ្នកទាំងនោះត្រូវតែជាមេដឹកនាំ»។
3. លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល
4. ដែលមានរាយនាមដូចតទៅ: កុលសម្ព័ន្ធរូបេន គឺលោកសាំមួរ ជាកូនរបស់លោកសាគើរ។
5. កុលសម្ព័ន្ធស៊ីម្មាន គឺលោកសាផាត ជាកូនរបស់លោកហូរី។
6. កុលសម្ព័ន្ធយូដា គឺលោកកាលែប ជាកូនរបស់លោកយេភូនេ។
7. កុលសម្ព័ន្ធអ៊ីសាខារ គឺលោកយីកាល់ ជាកូនរបស់លោកយ៉ូសែប។
8. កុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកនូន។
9. កុលសម្ព័ន្ធបេនយ៉ាមីន គឺលោកប៉ាល់ធី ជាកូនរបស់លោករ៉ាភូ។
10. កុលសម្ព័ន្ធសាប់យូឡូន គឺលោកកាឌាល ជាកូនរបស់លោកសូឌី។