ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 13 Khmer Standard Version (KHSV)

លោក​ម៉ូសេ​ចាត់​អ្នក​ស៊ើប‌ការណ៍​ដប់‌ពីរ​នាក់​ទៅ​ស្រុក​កាណាន

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​តែ​ជា​មេ​ដឹក​នាំ»។

3. លោក​ម៉ូសេ​ក៏​ចាត់​ពួក​គេ​ពី​វាល​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

4. ដែល​មាន​រាយ​នាម​ដូច​ត​ទៅ: កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​សាំមួរ ជា​កូន​របស់​លោក​សាគើរ។

5. កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សាផាត ជា​កូន​របស់​លោក​ហូរី។

6. កុល‌សម្ព័ន្ធ​យូដា គឺ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ។

7. កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​លោក​យីកាល់ ជា​កូន​របស់​លោក​យ៉ូសែប។

8. កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។

9. កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​លោក​ប៉ាល់‌ធី ជា​កូន​របស់​លោក​រ៉ាភូ។

10. កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​លោក​កាឌាល ជា​កូន​របស់​លោក​សូឌី។

11. កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​កូន​ចៅ​លោក​យ៉ូសែប គឺ​លោក​កាឌី ជា​កូន​របស់​លោក​ស៊ូស៊ី។

12. កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អាំមាល ជា​កូន​របស់​លោក​កេម៉ា‌លី។

13. កុល‌សម្ព័ន្ធ​អេស៊ើ គឺ​លោក​សេធើរ ជា​កូន​របស់​លោក​មីកែល។

14. កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​ណាប៊ី ជា​កូន​របស់​លោក​វ៉ូប‌ស៊ី។

15. កុល‌សម្ព័ន្ធ​កាដ គឺ​លោក​កេ‌អួល ជា​កូន​របស់​លោក​ម៉ាគី។

16. នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា យ៉ូស្វេ។

17. លោក​ម៉ូសេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ​តាម​តំបន់​ណេកិប រួច​ឡើង​ទៅ​តាម​តំបន់​ភ្នំ។

18. ចូរ​សង្កេត​មើល​ថា តើ​ស្រុក​នោះ​មាន​លក្ខណៈ​ដូច​ម្ដេច តើ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ខ្លាំង​ពូកែ ឬ​ខ្សោយ ពួក​គេ​មាន​គ្នា​តិច ឬ​ច្រើន។

19. តើ​ស្រុក​ដែល​ពួក​គេ​រស់​នៅ​នោះ ល្អ ឬ​អាក្រក់ តើ​ក្រុង​ដែល​ពួក​គេ​រស់​នៅ​ជា​ជំរំ ឬ​ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។

20. ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី‌ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី‌ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ។

21. ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​សង្កេត​មើល​ស្រុក ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន​រហូត​ដល់​រេហូប ដែល​ជា​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់។

22. ពួក​គេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ី‌ម៉ាន សេសាយ និង​តាល់‌ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំ‌ពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីប។

23. ពួក​គេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អែស‌កុល។ នៅ​ទី​នោះ ពួក​គេ​បាន​កាត់​មែក​ទំពាំង‌បាយជូរ​ដែល​មាន​ផ្លែ​មួយ​ចង្កោម រួច​ឲ្យ​គ្នា​គេ​ពីរ​នាក់​យក​ដង​រែក​សែង។ ពួក​គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​ខ្លះ មក​ជា​មួយ​ដែរ។

24. គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អែស‌កុល» ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​ទី​នោះ។

25. ក្រោយ​ពី​បាន​ទៅ​សង្កេត​មើល​ស្រុក​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ពួក​គេ​ក៏​វិល​ត្រឡប់​មក​វិញ។

26. ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ‌ការណ៍​ជម្រាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។

27. ពួក​គេ​ជម្រាប​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ស្រុក​នោះ​ពិត​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយមែន សូម​មើល​ផ្លែ​ឈើ​ទាំង​នេះ​ចុះ!។

28. ប៉ុន្តែ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ទីក្រុង​របស់​គេ​ធំៗ ហើយ​មាន​កំពែង​រឹង‌មាំ​ទៀត​ផង។ យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​លោក​អណាក់ ដែល​មាន​មាឌ​ដ៏​សំបើម។

29. ជន‌ជាតិ​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរី រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។

30. ប្រជា‌ជន​ក៏​នាំ​គ្នា​រក​រឿង​លោក​ម៉ូសេ តែ​លោក​កាលែប​បាន​ប្រាប់​ពួក​គេ​ឲ្យ​នៅ​ស្ងៀម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​យើង​នាំ​គ្នា​ឡើង​ទៅ​ដណ្ដើម​យក​ស្រុក​នោះ​ទៅ ដ្បិត​ពួក​យើង​មុខ​ជា​មាន​ជ័យ‌ជំនះ​មិន​ខាន!»។

31. ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ឡើង​ទៅ​សង្កេត​មើល​ស្រុក​ជា​មួយ​លោក នាំ​គ្នា​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​វាយ​ប្រជា‌ជន​នោះ​ឡើយ ព្រោះ​ពួក​គេ​មាន​កម្លាំង​ជាង​ពួក​យើង!»។

32. ពួក​គេ​នាំ​គ្នា​និយាយ​បង្ខូច​ស្រុក ដែល​ពួក​គេ​បាន​ទៅ​សង្កេត​មើល​នោះ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល។ ពួក​គេ​ពោល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​បំផ្លាញ​ប្រជា‌ជន។ ពួក​យើង​បាន​ឃើញ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​មនុស្ស​មាន​មាឌ​ខ្ពស់។

33. យើង​ក៏​បាន​ឃើញ​មនុស្ស​មាន​មាឌ​ធំ​សំបើម ជា​កូន​ចៅ​លោក​អណាក់ គឺ​ពូជ​មនុស្ស​ដែល​មាន​មាឌ​យ៉ាង​ធំ​សំបើម។ បើ​ធៀប​ទៅ​នឹង​ពួក​គេ ពួក​យើង​ប្រៀប​បី​ដូច​ជា​កណ្ដូប ហើយ​ពួក​គេ​ចាត់​ទុក​យើង​ដូច​សត្វ​កណ្ដូប»។