គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 11:8-24 Khmer Standard Version (KHSV)

8. ប្រជា‌ជន​តែង​នាំ​គ្នា​ចេញ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រស‌ជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។

9. ពេល​ណា​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​វេលា​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា​មួយ​ដែរ។

10. លោក​ម៉ូសេ​បាន​ឮ​ប្រជា‌ជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់‌អន់​ចិត្ត​ដែរ។

11. លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​អាណិត​មេត្តា​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ឲ្យ​ទូលបង្គំ​ទទួល​បន្ទុក​លើ​ប្រជា‌ជន​ទាំង​នេះ?

12. តើ​ទូលបង្គំ​ជា​អ្នក​បង្កើត​ប្រជា‌ជន​ទាំង​នេះ​ឬ តើ​ទូលបង្គំ​ជា​ឪពុក​របស់​ពួក​គេ​ឬ បាន​ជា​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ទូលបង្គំ​បី​បាច់​ថែ‌រក្សា​ពួក​គេ ដូច​ម្ដាយ​ថែ‌រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ?

13. តើ​ទូលបង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​ប្រជា‌ជន​ទាំង​នេះ​បរិភោគ​បាន? ពួក​គេ​នាំ​គ្នា​យំ​សោក​ដាក់​ទូលបង្គំ ទទូច​ថា “សូម​រក​សាច់​មក​ឲ្យ​ពួក​យើង​បរិភោគ!”។

14. ទូលបង្គំ​ពុំ​អាច​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​នេះ​តែ​ម្នាក់​ឯង​ទេ ព្រោះ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូលបង្គំ។

15. ប្រសិន​បើ​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិត​ទូលបង្គំ​ទៅ។ ប្រសិន​បើ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ សូម​កុំ​ទុក​ឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ចិត‌សិប​នាក់​ឲ្យ​មក​ជួប​យើង គឺ​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ពិត​ជា​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​មែន។ ចូរ​នាំ​ពួក​គេ​មក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ទី​នោះ​ជា​មួយ​អ្នក។

17. យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។

18. ចូរ​ប្រាប់​ប្រជា‌ជន​ថា “ចូរ​នាំ​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ សម្រាប់​ថ្ងៃ​ស្អែក ព្រោះ​អ្នក​រាល់​គ្នា​នឹង​មាន​សាច់​បរិភោគ។ អ្នក​រាល់​គ្នា​បាន​យំ​សោក​ដាក់​ព្រះ‌អម្ចាស់​ថា: តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ? នៅ​ស្រុក​អេស៊ីប​ពួក​យើង​សប្បាយ​ជាង។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។

19. អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​នោះ តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ

20. អ្នក​រាល់​គ្នា​នឹង​បរិភោគ​ពេញ​មួយ​ខែ គឺ​រហូត​ទាល់​តែ​ឆ្អែត‌ឆ្អន់ ហើយ​ជិន‌ណាយ​ទៀត​ផង ដ្បិត​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​យំ​សោក​ដាក់​ព្រះ‌អង្គ ទាំង​ពោល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យើង​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?”»។

21. លោក​ម៉ូសេ​ទូល​ថា៖ «កង‌ទ័ព​ដែល​នៅ​ជា​មួយ​ទូលបង្គំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​ព្រះ‌អង្គ​ប្រទាន​សាច់​ឲ្យ​ពួក​គេ​បរិភោគ ដល់​ទៅ​មួយ​ខែ ដូច​ម្ដេច​បាន!

22. ទោះ​បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ឲ្យ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​ឲ្យ​អស់​ពី​សមុទ្រ​យក​មក​ឲ្យ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។

23. ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ូសេ​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។

24. លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះ‌ពន្លា ហើយ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រាប់​ប្រជា‌ជន។ លោក​ប្រមូល​ព្រឹទ្ធា‌ចារ្យ​ចិត‌សិប​រូប​ពី​ក្នុង​ចំណោម​ប្រជា‌ជន ហើយ​នាំ​មក​ឈរ​នៅ​ជុំ‌វិញ​ពន្លា។

សូមអានជំពូកពេញលេញ ជន‌គណនា 11