គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 11:26-32 Khmer Standard Version (KHSV)

26. មាន​ព្រឹទ្ធា‌ចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អែល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះ‌វិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធា‌ចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។

27. យុវជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «លោក​អែល‌ដាដ និង​មីដាដ កំពុង​តែ​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ»។

28. ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវ‌វ័យ​មក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។

29. លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។

30. បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​វិញ។

31. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្យល់​បក់​ពី​សមុទ្រ នាំ​សត្វ​ក្រួច​ឲ្យ​មក​ធ្លាក់​លើ​ជំរំ។ សត្វ​ក្រួច​ទាំង​នោះ​មាន​ពាស‌ពេញ​ជុំ‌វិញ​ជំរំ ចម្ងាយ​ផ្លូវ​ដើរ​ប្រមាណ​មួយ​ថ្ងៃ ហើយ​គរ​ពី​លើ​គ្នា កំពស់​ប្រមាណ​ពីរ​ហត្ថ។

32. ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំ‌វិញ​ជំរំ។

សូមអានជំពូកពេញលេញ ជន‌គណនា 11