20. អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ព្រះអង្គ ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។
21. លោកម៉ូសេទូលថា៖ «កងទ័ពដែលនៅជាមួយទូលបង្គំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើព្រះអង្គប្រទានសាច់ឲ្យពួកគេបរិភោគ ដល់ទៅមួយខែ ដូចម្ដេចបាន!
22. ទោះបីសម្លាប់ហ្វូងចៀម និងហ្វូងគោ ឲ្យពួកគេបរិភោគ ក៏មិនគ្រប់គ្រាន់ ហើយទោះបីទៅបង់ត្រីឲ្យអស់ពីសមុទ្រយកមកឲ្យពួកគេបរិភោគ ក៏នៅតែមិនគ្រប់គ្រាន់ដែរ»។
23. ព្រះអម្ចាស់តបមកលោកម៉ូសេវិញថា៖ «តើដៃរបស់យើងខ្លីពេក មិនអាចធ្វើអ្វីកើតឬ? បន្តិចទៀត អ្នកនឹងឃើញថា ពាក្យដែលយើងនិយាយសម្រេច ឬក៏មិនសម្រេច»។
24. លោកម៉ូសេចាកចេញពីព្រះពន្លា ហើយនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ លោកប្រមូលព្រឹទ្ធាចារ្យចិតសិបរូបពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញពន្លា។
25. ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោក។ ព្រះអង្គយកវិញ្ញាណមួយចំណែកពីលោក ប្រគល់ទៅឲ្យព្រឹទ្ធាចារ្យទាំងចិតសិបរូប។ ពេលព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្ដើមថ្លែងព្រះបន្ទូល តែថ្លែងមិនយូរទេ។
26. មានព្រឹទ្ធាចារ្យពីររូប ម្នាក់ឈ្មោះអែលដាដ និងម្នាក់ទៀតឈ្មោះមីដាដ ស្ថិតនៅក្នុងជំរំ ហើយព្រះវិញ្ញាណក៏បានគង់ជាមួយលោកទាំងពីរដែរ។ លោកទាំងពីរមានឈ្មោះក្នុងបញ្ជីព្រឹទ្ធាចារ្យ តែពុំបានទៅពន្លាជួបព្រះអម្ចាស់ទេ លោកទាំងពីរនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។
27. យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖ «លោកអែលដាដ និងមីដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។
28. ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។
29. លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។
30. បន្ទាប់មក លោកម៉ូសេ និងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
31. ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កំពស់ប្រមាណពីរហត្ថ។
32. ក្នុងអំឡុងពេលពេញមួយថ្ងៃមួយយប់នោះ ហើយរហូតដល់ថ្ងៃបន្ទាប់ ប្រជាជននាំគ្នាក្រោកឡើង រើសសត្វក្រួច។ ម្នាក់ៗរើសបានយ៉ាងហោចណាស់ដប់បាវ។ ពួកគេហាលសាច់ក្រួចនោះនៅជុំវិញជំរំ។
33. ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់ទំពាស្រួលបួលផងនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជាជន ព្រះអង្គប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។