គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 11:18-29 Khmer Standard Version (KHSV)

18. ចូរ​ប្រាប់​ប្រជា‌ជន​ថា “ចូរ​នាំ​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ សម្រាប់​ថ្ងៃ​ស្អែក ព្រោះ​អ្នក​រាល់​គ្នា​នឹង​មាន​សាច់​បរិភោគ។ អ្នក​រាល់​គ្នា​បាន​យំ​សោក​ដាក់​ព្រះ‌អម្ចាស់​ថា: តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ? នៅ​ស្រុក​អេស៊ីប​ពួក​យើង​សប្បាយ​ជាង។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។

19. អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​នោះ តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ

20. អ្នក​រាល់​គ្នា​នឹង​បរិភោគ​ពេញ​មួយ​ខែ គឺ​រហូត​ទាល់​តែ​ឆ្អែត‌ឆ្អន់ ហើយ​ជិន‌ណាយ​ទៀត​ផង ដ្បិត​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​យំ​សោក​ដាក់​ព្រះ‌អង្គ ទាំង​ពោល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យើង​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?”»។

21. លោក​ម៉ូសេ​ទូល​ថា៖ «កង‌ទ័ព​ដែល​នៅ​ជា​មួយ​ទូលបង្គំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​ព្រះ‌អង្គ​ប្រទាន​សាច់​ឲ្យ​ពួក​គេ​បរិភោគ ដល់​ទៅ​មួយ​ខែ ដូច​ម្ដេច​បាន!

22. ទោះ​បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ឲ្យ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​ឲ្យ​អស់​ពី​សមុទ្រ​យក​មក​ឲ្យ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។

23. ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ូសេ​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។

24. លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះ‌ពន្លា ហើយ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រាប់​ប្រជា‌ជន។ លោក​ប្រមូល​ព្រឹទ្ធា‌ចារ្យ​ចិត‌សិប​រូប​ពី​ក្នុង​ចំណោម​ប្រជា‌ជន ហើយ​នាំ​មក​ឈរ​នៅ​ជុំ‌វិញ​ពន្លា។

25. ព្រះ‌អម្ចាស់​យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះ‌អង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ចិត‌សិប​រូប។ ពេល​ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្ដើម​ថ្លែង​ព្រះ‌បន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។

26. មាន​ព្រឹទ្ធា‌ចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អែល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះ‌វិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធា‌ចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។

27. យុវជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «លោក​អែល‌ដាដ និង​មីដាដ កំពុង​តែ​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ»។

28. ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវ‌វ័យ​មក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។

29. លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។

សូមអានជំពូកពេញលេញ ជន‌គណនា 11